បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ មេដឹកនាំ និងមន្ត្រីជាន់ខ្ពស់គណបក្សមួយចំនួនបានលើកឡើងខុសៗគ្នា អំពីលទ្ធផលដែលគណបក្សខ្លួនទទួលបាន។ ក្នុងនោះមានគណបក្សខ្លះទទួលស្គាល់លទ្ធផលបណ្តោះអាសន្ននេះ និងខ្លះមិនទទួលស្គាល់ឡើយ ដោយលើកហេតុផលផ្សេងៗគ្នា។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងថា នេះជាមោទនភាពណាស់សម្រាប់គណបក្សប្រជាជនកម្ពុជា ដែលត្រូវបានប្រជាពលរដ្ឋ បោះឆ្នោតគាំទ្រ ដោយមានសំឡេងច្រើនលើសបលុប រហូតទៅដល់ជិត៨០%។ ហើយបានសេចក្តីថា បេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សឈ្នះឆ្នោត គឺបានទទួលសំឡេង ៨០% ពីប្រជាពលរដ្ឋ។ នេះគឺជាការពិតដែលប្រជាពលរដ្ឋមើលឃើញអំពីកម្មវិធីនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជន ដោយកម្មវិធីគោលនយោបាយនេះ គឺផ្តោតទៅលើឧត្តមប្រយោជន៍របស់ប្រទេសជាតិ និងប្រជាជនកម្ពុជា។
លោក សេង សុខេង ប្រធានគណបក្សសញ្ជាតិកម្ពុជា បានបញ្ជាក់ថា គណបក្សសញ្ជាតិកម្ពុជា ទទួលយកលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ហើយការបោះឆ្នោតបានប្រព្រឹត្តទៅដោយររលូន សេរី ត្រឹមត្រូវ និងយុត្តិធម៌។
លោក ចាន់ យ៉េត ប្រធានស្តីទីគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ បានបញ្ជាក់ថា គណបក្សលោក ទទួលយកលទ្ធផលបណ្តោះអាសន្នដែលប្រកាសដោយ គ.ជ.ប និងអនុវត្តតាមការដែល គ.ជ.ប បានសម្រេច គឺមិនមានការតវ៉ាអ្វីទេ។
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានបញ្ជាក់ថា ចំពោះលទ្ធផលបោះឆ្នោត គឺគណបក្សយុវជនកម្ពុជា ទទួលយកដោយក្តីរីករាយ ពីព្រោះលទ្ធផលមានលក្ខណៈសុក្រឹត្យ និងយុត្តិធម៌ ជាពិសេសមានភាពប្រាកដនិយមច្រើន។
គណបក្សខ្មែរតែមួយ បានប្រកាសទទួលស្គាល់ និងគាំទ្រទាំងស្រុងនូវលទ្ធផលបោះឆ្នោត ដោយការរាប់សន្លឹកឆ្នោត បានប្រព្រឹត្តទៅតាមនីតិវិធីរបស់ គ.ជ.ប ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
លោក សាម អ៊ីន អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានថ្លែងថា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន មិនអាចបញ្ជាក់បានអំពីភាពត្រឹមត្រូវ នៃចំនួនអ្នកទៅបោះឆ្នោត និងដោយសារតែមិនមានអ្នកសង្កេតការណ៍គ្រប់គ្រាន់ដើម្បីធ្វើការវាយតម្លៃ និងពុំមានក្រុមអង្គការសង្គមស៊ីវិលណាមួយដែលបានធ្វើការសង្កេតការណ៍ដែលអាចជឿជាក់បាននោះ។ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ស្ថិតនៅក្នុងស្ថានការណ៍មួយដែលមិនអាចវាយតម្លៃ ឬក៏សន្និដ្ឋានបានថា វាត្រឹមត្រូវ ឬមិនត្រឹមត្រូវ។ «មិនត្រឹមត្រឹមក៏យើងអត់ហ៊ានថា ដោយសារអត់មានតឹកតាងច្បាស់លាស់»។
លោក ច័ន្ទ ប៊ុនហន ប្រធានគណបក្សមាតុភូមិយើង បានថ្លែងថា គណបក្សរបស់លោក ទទួលយកសំឡេងឆ្នោតដែលប្រជាពលរដ្ឋបោះឆ្នោតជូន ហើយគណបក្សលោកមិនមានអ្វីតវ៉ានោះទេ។
លោកស្រី ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ បានថ្លែងថា គណបក្សរបស់លោកស្រី មិនទទួលស្គាល់លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតនេះទេ ពីព្រោះមានភាពមិនប្រក្រតីមួយចំនួនកើតឡើង។
សូមរំលឹកថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ បានប្រព្រឹត្តទៅកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដោយមានគណបក្សនយោបាយចំនួន២០ បានចូលរួមប្រកួតប្រជែង។ យោងតាមការប្រកាសលទ្ធផលបណ្តោះអាសន្នរបស់ គ.ជ.ប បង្ហាញថា បង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតគាំទ្រច្រើនជាងគេ គឺ ៤ ៨៨៩ ១១៣សំឡេង ក្នុងចំណោមអ្នកចូលរួមបោះឆ្នោត ៦ ៩៥៦ ៩០០នាក់។ បន្ទាប់មក គឺគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានសំឡេងឆ្នោតគាំទ្រចំនួន ៣៧៤ ៥១០សំឡេង គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ទទួលបានសំឡេងឆ្នោតគាំទ្រចំនួន ៣០៩ ៣៦៤សំឡេង។
គ.ជ.ប នឹងប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតនេះ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ខាងមុខនេះ៕
Comments
Post a Comment