ខេត្តកណ្តាល ៖ បុរសម្នាក់បានទាក់ទងស្រីក្មេងម្នាក់តាមរយៈឆាតហ្វេសប៊ុក រួចក៏អន្ទងសុំស្នេហ៍ រហូតណាត់ជួបគ្នារួមរ័កមេត្រីដល់បានសម្រេចជាបន្តបន្ទាប់ លុះរឿងរ៉ាវបែកធ្លាយដឹងដល់ឪពុកម្តាយខាងស្រីដាក់ពាក្យបណ្តឹង ខាងស្រីក៏បានចោទប្រកាន់ថាត្រូវប្រុសបង្ខំរួមរ័កបានសម្រេចដល់ទៅ៣ដង ចំណែកខាងប្រុសបានប្រកែកញ័រមាត់ថា តាមពិតបានសម្រេចតែ២ដងប៉ុណ្ណោះ ហើយថែមទាំងការព្រមព្រៀង គ្មានការបង្ខិតបង្ខំនោះទេ។
ករណីប្រុសណាត់ស្រីក្មេងរួមរ័កមេត្រីដល់ទៅ៣ដងនេះ បានកើតឡើង តាំងពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅ នៅចំណុចផ្ទះខាងប្រុស ស្ថិតក្នុងភូមិក្តាន់រយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល។ ប៉ុន្តែរឿងរ៉ាវទើបនឹងបែកធ្លាយដឹងដល់ម្តាយឪពុកខាងស្រី ដាក់ពាក្យបណ្តឹង កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨។
ជនសង្ស័យដែលទទួលរងការចោទប្រកាន់ពីបទ រំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស មានឈ្មោះសាក់ ចន្ថា អាយុ៤៤ឆ្នាំ មុខរបរ ជាមន្ត្រីយោធា មានលំនៅក្នុងភូមិក្តាន់រយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល។ ចំណែកនារីរងគ្រោះ ទើបនឹងមានអាយុ១៦ឆ្នាំ និងមានលំនៅក្នុងខេត្តកណ្តាល។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានរួមភេទជាមួយនារីរងគ្រោះខាងលើប្រាកដមែន តែបានសម្រេចតែ២ដងប៉ុណ្ណោះ និងដោយការព្រមព្រៀងគ្នា ពោលគឺមិនមែនជាការចាប់បង្ខំរំលោភអ្វីនោះទេ។
ជុំវិញករណីខាងលើនេះ កាលពីល្ងាចថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ លោកទី សំណាង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួនជនសង្ស័យ ឈ្មោះសាក់ ចន្ថា ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ “រំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស” ប្រព្រឹត្តកាលពីថ្ងៃទី២៥ ឧសភា ២០១៨ កន្លងមក តាមមាត្រា២៤០ នៃក្រមព្រហ្មទណ្ឌ ដែលបទល្មើសនេះ ត្រូវផ្តន្ទាទោសពី៧ឆ្នាំ ទៅ១៥ឆ្នាំ៕
Comments
Post a Comment