មេ​ដឹកនាំ-មន្ត្រី​ជាន់ខ្ពស់​គណបក្ស​មួយ​ចំនួន បញ្ចេញ​មតិ​ផ្សេងៗគ្នា​អំពី​លទ្ធផល​បោះឆ្នោត

បន្ទាប់ពី​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ប្រកាស​លទ្ធផល​បណ្តោះ​អាសន្ន​ នៃការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី៦ កាលពី​ថ្ងៃទី​១១ ខែ​សីហា ឆ្នាំ​២០១៨ មេដឹកនាំ​ និង​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​មួយចំនួន​បាន​លើកឡើង​ខុសៗ​គ្នា អំពី​លទ្ធផល​ដែល​គណបក្ស​ខ្លួន​ទទួល​បាន​។ ក្នុងនោះមាន​គណបក្ស​ខ្លះ​ទទួលស្គាល់​លទ្ធផល​បណ្តោះ​អាសន្ន​នេះ និងខ្លះ​មិន​ទទួលស្គាល់​ឡើយ ដោយ​លើក​ហេតុផល​ផ្សេងៗ​គ្នា។

លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​ថា នេះជា​មោទនភាព​ណាស់​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា ដែលត្រូវ​បាន​ប្រជាពលរដ្ឋ​ បោះឆ្នោត​គាំទ្រ ដោយ​មាន​សំឡេង​ច្រើន​លើសប​លុប រហូត​ទៅដល់​ជិត​៨០%។ ហើយបាន​សេចក្តី​ថា បេក្ខជន​នាយករដ្ឋមន្ត្រី​របស់​គណបក្ស​ឈ្នះឆ្នោត គឺបាន​ទទួល​សំឡេង ៨០% ពី​ប្រជា​ពលរដ្ឋ។ នេះ​គឺជា​ការពិត​ដែល​ប្រជាពលរដ្ឋ​មើលឃើញ​អំពី​កម្មវិធី​នយោបាយ​ដ៏​ត្រឹមត្រូវ​របស់​គណបក្ស​ប្រជាជន ដោយ​កម្មវិធី​គោលនយោបាយ​នេះ គឺ​ផ្តោតទៅលើ​ឧត្តម​ប្រយោជន៍​របស់​ប្រទេស​ជាតិ និង​ប្រជាជន​កម្ពុជា។
លោក សេង សុខេង ប្រធាន​គណបក្ស​សញ្ជាតិ​កម្ពុជា បាន​បញ្ជាក់​ថា គណបក្ស​សញ្ជាតិ​កម្ពុជា ទទួល​យក​លទ្ធផល​បណ្តោះ​អាសន្ន​នៃការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ហើយការ​បោះឆ្នោត​បាន​ប្រព្រឹត្ត​ទៅដោយ​ររលូន សេរី ត្រឹមត្រូវ និង​យុត្តិធម៌។
លោក ចាន់ យ៉េត ប្រធាន​ស្តីទី​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ បាន​បញ្ជាក់​ថា គណបក្ស​លោក ទទួល​យក​លទ្ធផល​បណ្តោះ​អាសន្ន​ដែល​ប្រកាស​ដោយ គ.ជ.ប និង​អនុវត្ត​តាម​ការ​ដែល គ.ជ.ប បាន​សម្រេច គឺមិន​មាន​ការ​តវ៉ា​អ្វីទេ។
លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា បាន​បញ្ជាក់​ថា ចំពោះ​លទ្ធផល​បោះឆ្នោត គឺ​គណបក្ស​យុវជន​កម្ពុជា ទទួល​យក​ដោយ​ក្តី​រីករាយ ពី​ព្រោះ​លទ្ធផល​មាន​លក្ខណៈ​សុក្រឹត្យ និង​យុត្តិធម៌ ជាពិសេស​មាន​ភាព​ប្រាកដ​និយម​ច្រើន។
គណបក្ស​ខ្មែរតែមួយ បាន​ប្រកាស​ទទួល​ស្គាល់ និង​គាំទ្រ​ទាំងស្រុង​នូវ​លទ្ធផល​បោះឆ្នោត​ ដោយ​ការ​រាប់​សន្លឹកឆ្នោត​ បាន​ប្រព្រឹត្ត​ទៅតាម​នីតិវិធី​របស់ គ.ជ.ប ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។
លោក សាម អ៊ីន អគ្គលេខាធិការ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​ថ្លែង​ថា គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន មិន​អាច​បញ្ជាក់​បាន​អំពី​ភាព​ត្រឹមត្រូវ នៃ​ចំនួន​អ្នក​ទៅ​បោះឆ្នោត និង​ដោយសារតែ​មិនមាន​អ្នក​សង្កេតការណ៍​គ្រប់គ្រាន់​ដើម្បី​ធ្វើការ​វាយតម្លៃ និង​ពុំមាន​ក្រុម​អង្គការ​សង្គមស៊ីវិល​ណាមួយ​ដែលបាន​ធ្វើការ​សង្កេតការណ៍​ដែលអាច​ជឿជាក់​បាននោះ។ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ស្ថិតនៅក្នុង​ស្ថានការណ៍​មួយ​ដែល​មិនអាច​វាយតម្លៃ ឬក៏​សន្និដ្ឋាន​បានថា វា​ត្រឹមត្រូវ ឬមិន​ត្រឹមត្រូវ។ «មិន​ត្រឹមត្រឹម​ក៏យើង​អត់ហ៊ាន​ថា ដោយសារ​អត់មាន​តឹកតាង​ច្បាស់លាស់»។
លោក ច័ន្ទ ប៊ុនហន ប្រធាន​គណបក្ស​មាតុភូមិ​យើង បាន​ថ្លែង​ថា គណបក្ស​របស់លោក ទទួលយក​សំឡេង​ឆ្នោត​ដែល​ប្រជាពលរដ្ឋ​បោះឆ្នោត​ជូន ហើយ​គណបក្ស​លោក​មិនមាន​អ្វី​តវ៉ា​នោះទេ។
លោកស្រី ពោធិតី សាវត្ថី ប្រធាន​គណបក្ស​ធម្មាធិបតេយ្យ បាន​ថ្លែង​ថា គណបក្ស​របស់​លោកស្រី មិន​ទទួល​ស្គាល់​លទ្ធផល​បណ្តោះ​អាសន្ន​នៃការ​បោះឆ្នោត​នេះ​ទេ ពីព្រោះ​មានភាព​មិនប្រក្រតី​មួយ​ចំនួន​កើតឡើង។
សូម​រំលឹក​ថា ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី៦ បាន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨ ដោយមាន​គណបក្ស​នយោបាយ​ចំនួន​២០ បាន​ចូលរួម​ប្រកួត​ប្រជែង។ យោងតាម​ការ​ប្រកាស​លទ្ធផល​បណ្តោះ​អាសន្ន​របស់ គ.ជ.ប បង្ហាញ​ថា បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេង​ឆ្នោត​គាំទ្រ​ច្រើន​ជាងគេ គឺ ៤ ៨៨៩ ១១៣​សំឡេង ក្នុង​ចំណោម​អ្នក​ចូលរួម​បោះឆ្នោត ៦ ៩៥៦ ៩០០នាក់។ បន្ទាប់មក គឺ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​ចំនួន ៣៧៤ ៥១០​សំឡេង គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​ចំនួន ៣០៩ ៣៦៤​សំឡេង។
គ.ជ.ប នឹង​​ប្រកាស​លទ្ធផល​ផ្លូវការ​នៃការ​បោះឆ្នោតនេះ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ​២០១៨​ខាងមុខនេះ៕

Comments