លទ្ធផល​នៃ​ការ​ត្រួតពិនិត្យ និង​ផ្ទៀងផ្ទាត់​លទ្ធផល​បោះឆ្នោត​របស់ គ.ជ.ប ចេញហើយ

គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​បញ្ចប់​ការ​ត្រួតពិនិត្យ និង​ផ្ទៀងផ្ទាត់​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ដ​ នីតិកាល​ទី៦ ឆ្នាំ​២០១៨ ហើយ កាលពី​ថ្ងៃ​ទី៦ ខែ​សីហា ឆ្នាំ២០១៨ ម្សិលមិញ។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ គ.ជ.ប ចុះ​ថ្ងៃទី៧ ខែសីហានេះ។
នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ គ.ជ.ប បាន​ឲ្យ​ដឹង​ថា ក្រោយ​ការ​ត្រួតពិនិត្យ និង​ផ្ទៀងផ្ទាត់​រយៈពេល​ ៣ថ្ងៃ ជា​លទ្ធផល​ ក្រុម​ការងារ មិន​បាន​រកឃើញ​នូវ​កំហុស​ណា​មួយ ពាក់ព័ន្ធ​នឹង​លទ្ធផល​នៃ​ការ​បោះឆ្នោត ដែល​រាជធានី ខេត្ត បាន​បញ្ជាក់​ក្នុង​តារាង​បូក​សរុប​លទ្ធផល​នៃ​ការ​បោះឆ្នោត​ក្នុង​រាជធានី/ខេត្ត (ទម្រង់ ១១១០) កំណត់ហេតុ​បូក​សរុប​លទ្ធផល​នៃ​ការ​បោះឆ្នោត​ក្នុង​រាជធានី/ខេត្ត (ទម្រង់ ១១១១) និង​ក្រដាស​លទ្ធផល​នៃ​ការ​បោះឆ្នោត​ក្នុង​រាជធានី/ខេត្ត (ទម្រង់ ១១១៤) ឡើយ។
គ.ជ.ប បញ្ជាក់ថា លទ្ធផល​នៃ​ការត្រួត​ពិនិត្យ​ និង​ផ្ទៀងផ្ទាត់​នេះ បាន​ទទួល​ការ​ឯកភាព និង​ចុះ​ហត្ថលេខា ពី​ភាគី​ដែល​ជា​សាក្សី​ទាំងអស់ ដែល​មាន​តំណាង​គណបក្ស​នយោបាយ​ផងដែរ។

សូម​បញ្ជាក់ថា លទ្ធផល​បណ្ដោះ​អាសន្ន​នៃ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ដ នីតិកាល​ទី៦ ឆ្នាំ២០១៨ នឹង​ត្រូវ​ប្រកាស​នៅថ្ងៃ​ទី១១ ខែសីហា ឆ្នាំ២០១៨ តាម​រយៈ​វិទ្យុ និង​ទូរទស្សន៍​ជាតិ​កម្ពុជា៕

Comments