អតីត​ឧបការី​ផ្ទាល់​សម្តេច​ក្រុមព្រះ ​ប្តឹង​អនុប្រធាន និង​អគ្គលេខាធិការ​បក្ស​ហ៊្វុនស៊ិនប៉ិច ទៅ​តុលាការ

លោក មៀច សំរួល អតីត​ឧបការី​ផ្ទាល់​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​ដាក់​ពាក្យ​ប្តឹង​លោក យឹម សាវី អគ្គ​លេខាធិការ​គណបក្ស និង​លោក ប៉ោ ប៊ុនស្រ៊ឺ អនុ​ប្រធាន​គណបក្ស ទៅ​តុលាការ​​ ពីបទ​ផ្តួចផ្តើម និង​សម​គំនិត​ធ្វើ​លិខិត​រដ្ឋបាល​បញ្ចប់​សមាជិកភាព​រូបលោក។ ពាក្យ​បណ្តឹង​ ត្រូវ​បាន​ដាក់ចូល​តុលាការ​កាលពី​រសៀល​ថ្ងៃទី​៧ ខែ​សីហា ឆ្នាំ​២០១៨។

យោង​តាម​ពាក្យ​បណ្តឹង​ដែល​ទទួល​បាន លោក មៀច សំរួល បាន​អះអាង​ថា ការ​បញ្ចប់​សមាជិក​ភាព​លោក​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច ធ្វើឡើង​ក្នុង​ចេតនា​ទុច្ចរិត​ ធ្វើឱ្យ​ប៉ះពាល់​កិត្តិយស សេចក្តី​ថ្លៃថ្នូរ និង​ផល​ប្រយោជន៍​ស្របច្បាប់​យ៉ាង​ធ្ងន់ធ្ងរ។ ដូច្នេះ​លោក​កើតទុក​មិន​សុខចិត្ត សូម​ប្តឹង​ទាមទារ​សំណង​នៃការ​ក្បត់​ទំនុក​ចិត្ត និង​ជំងឺ​ចិត្ត​ព្រម​ទាំង​ការ​លះបង់ និង​ចំណាយ​ផ្សេងៗ​របស់​ខ្លួន​ទៅលើ​គណបក្ស​កន្លងមក​ចំនួន ៤០០លាន​រៀល។
ទាក់ទង​នឹង​ករណី​នេះ លោក យឹម សាវី បាន​ថ្លែង​ប្រាប់ [ខ្លីៗ] នា​ថ្ងៃទី៨សីហា​នេះថា​ ចំពោះ​ករណី​បញ្ចប់​សមាជិកភាព​លោក មៀច សំរួល គឺ​លោក​មិនមែន​ជា​អ្នក​បញ្ចប់​ទេ តែ​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ គឺជា​អ្នក​ចុះហត្ថលេខា​បញ្ចប់​សមាជិក​ភាព​លោក​មៀច សំរួល។
លោក​ថា៖ «គណបក្ស​មួយ គេមាន​សិទ្ធិ​របស់​គេ គេធ្វើ​នយោបាយ គ្មាន​អ្នកណា​គេ​ចង់​បាត់​សមាជិក​ទេ ក៏​ប៉ុន្តែ​សមាជិក​ណា​ ដែលធ្វើ​ឱ្យ​អន្តរាយ​ដល់​បក្ស បក្ស​ក៏មាន​សិទ្ធិ​បញ្ចប់​ដែរ»។

Comments