គណបក្សខ្មែរក្រោក បានសម្រេចប្តឹងលោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា នៅរសៀលថ្ងៃទី០៧ សីហានេះ ពីបទញុះញង់ឲ្យមានការរើសអើង និងជ្រៀតជ្រែកដោយខុសច្បាប់ នៅក្នុងការបំពេញមុខងារសារធារណៈ។
លោក ព្រហ្ម ពិសិដ្ឋ ប្រធានកិត្តិយសគណបក្សខ្មែរក្រោក បានប្រាប់វិទ្យុវាយោថា ការដាក់ពាក្យបណ្ដឹងទៅតុលាការនេះ ដោយសារតែលោក សុខ ទូច បានជ្រៀតជ្រែកលើកិច្ចការងាររដ្ឋាភិបាល និងបានប្រើពាក្យសម្តីញុះញង់ដែលនាំឲ្យមានការរើសអើង។ លោកបញ្ជាក់ថា គណបក្សខ្មែរក្រោក បានប្តឹងទាមទារសំណងជំងឺចិត្តពីលោក សុខ ទូច ចំនួន ១០០លានរៀល។
សូមបញ្ជាក់ថា គណបក្សខ្មែរក្រោកបានផ្ទុះប្រតិកម្មនឹងសម្តី លោក សុខ ទូច ដែលនិយាយថា គួរចាប់មេផ្តើមគំនិតធ្វើយុទ្ធការប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋ ដើម្បីទាមទារកោះត្រល់ពីវៀតណាម បញ្ចូលគុក។
ជុំវិញបញ្ហានេះ លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ធ្លាប់បានបញ្ជាក់ថា លោកមិនចាប់អារម្មណ៍ជាមួយគណបក្សនេះទេ។ ដោយឡែក ការប្តឹងគឺជាសិទ្ធិរបស់គណបក្ស ហើយលោករង់ចាំដើរតាមក្រោយ និងទុកឲ្យច្បាប់ជាអ្នកដោះស្រាយតាមនីតិវិធី។
គួររំលឹកថា គណបក្សខ្មែរក្រោក បានប្រកាសថា នឹងធ្វើយុទ្ធនាការប្រមូលស្នាមមេដៃប្រជាពលរដ្ឋចំនួន ៥ម៉ឺននាក់ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ ដើម្បីដាក់ទៅកាន់ក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងការជម្រុញឲ្យរដ្ឋាភិបាលចរចាទាមទារកោះត្រល់ពីវៀតណាមមកវិញ៕
Comments
Post a Comment