តាមរបាយការណ៍គណៈកម្មការគ្រោះមហន្តរាយខេត្តព្រៃវែងបានឱ្យដឹងថា គិតមកដល់ត្រឹមដើមខែសីហានេះ ទឹកជំនន់បានបង្កផលប៉ះពាល់ទៅលើស្រុកចំនួន៦ក្នុងខេត្តព្រៃវែង ដែលធ្វើឱ្យផ្លូវ សាលារៀន ផ្ទះសម្បែង និងផលដំណាំរបស់ប្រជាពលរដ្ឋ រាប់រយហិកតា ជន់លិច និងខូចខាត។
ប្រភពដដែលនេះបានបញ្ជាក់ថា ស្រុកដែលរងផលប៉ះពាល់នោះរួមមាន៖
- ស្រុកពាមរក៍ ប៉ះពាល់ចំនួន ៨ឃុំ
- ស្រុកស៊ីធរកណ្តាល ប៉ះពាល់ ១០ឃុំ
- ស្រុកព្រះស្តេច ប៉ះពាល់ ១ឃុំ
- ស្រុកកំចាយមារ ប៉ះពាល់ ៤ឃុំ
- ស្រុកពារាំង ប៉ះពាល់ ៥ឃុំ និង
- ស្រុកពោធ៌រៀង ប៉ះពាល់ ៤ឃុំ
ក្នុងនោះ ទឹកបានលិចចូលក្រោមផ្ទះអ្នកស្រុកចំនួន ៤៥៨ខ្នង ប៉ះពាល់ផ្លូវប្រវែង ២៨៥៦៦ម៉ែត្រ លិចចូលសាលារៀនចំនួន ១១កន្លែង មណ្ឌលសុខភាព ១កន្លែង វត្ត ១កន្លែង និងប៉ះពាល់ស្រូវចំនួន៦៧១៣៥ហិកតា រួមជាមួយដំណាំផ្សេងៗចំនួន១៧ហិកតា។
ស្របពេលជាមួយគ្នានេះដែរ នៅក្នុងស្រុកចំនួន ៤ផ្សេងទៀតនៃខេត្តព្រៃវែង គឺស្រុកកំពង់ត្របែក ស្រុកស្វាយអន្ទរ ស្រុកព្រះស្តេច និងស្រុកបាភ្នំ បែរជាកំពង់ជួបប្រទះនូវគ្រោះរាំងស្ងួតជាខ្លាំង។ ក្នុងនោះ ស្រែស្រូវរបស់ប្រជាកសិករសរុបចំនួន ១២៥៧៣ហិកតា កំពុងប្រឈមនឹងបញ្ហាស្វិតងាប់ ដោយសារខ្វះទឹកស្រោចស្រប់។
បច្ចុប្បន្ននេះអាជ្ញាធរខេត្ត បានសហការជាមួយអង្គភាពជំនាញនិងអាជ្ញាធរមូលដ្ឋានកំពុងចុះជួយអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវទាំងអស់នោះជាបណ្ដើៗ៕
Comments
Post a Comment