ក្រុមហ៊ុន Facebook ត្រូវបានរាយការណ៍ថា នឹងចាក់បញ្ចូលលុយ ១១ពាន់លានផោន (ជាង១៤ពាន់លានដុល្លារអាមេរិក) ទៅក្នុងឧស្សាហកម្មសម្រាប់ក្រុមអ្នកអត់គូ តាមរយៈការបង្កើតកម្មវិធីមួយសម្រាប់ការណាត់ជួប។ នេះបើតាមវេបសាយ Daily Mail ចុះកាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨។
កម្មវិធីថ្មីរបស់ Facebook នេះ នឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់ជ្រើសរើសការស្វែងរកដៃគូដែលប្រើប្រាស់កម្មវិធីដូចគ្នា ៥ភេទ រួមមាន ភេទស្រី, ប្រុសកែភេទជាស្រី, ប្រុស, ស្រីកែភេទជាប្រុស និង ប្រុសមិនចំប្រុស-ស្រីមិនចំស្រី។
យោងតាមពាក្យចចាមអារ៉ាម លើបណ្ដាញសង្គម Twitter បានឲ្យដឹងថា ក្រុមហ៊ុន Facebook កំពុងធ្វើតេស្តកម្មវិធីនេះ ដោយដាក់ឲ្យបុគ្គលិករបស់ខ្លួនប្រើប្រាស់ តែនៅក្នុងការិយាល័យធ្វើការប៉ុណ្ណោះ។ តាមរូបភាពដែលត្រូវបានបង្ហោះលើបណ្ដាញសង្គម Twitter កម្មវិធីដដែលអាចអនុញ្ញាតឲ្យអ្នកប្រើប្រាស់បិទ មិនឲ្យអ្នកដទៃឃើញ Profile របស់ពួកគេ។
គួររំឭកថា លោក Mark Zuckerberg នាយកប្រតិបត្តិក្រុមហ៊ុន Facebook បានប្រកាសពីគម្រោងបង្កើតកម្មវិធីសម្រាប់ការណាត់ជួបមួយ កាលពីដើមឆ្នាំ២០១៨នេះ។ លោកក៏បានសន្យាក្នុងការផ្ដល់សេវាកម្មមួយ ដែលផ្ដោតទៅលើការកសាងទំនាក់ទំនងដ៏យូរអង្វែងសម្រាប់អ្នកប្រើប្រាស់ផងដែរ៕


Comments
Post a Comment