គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានជូនដំណឹងនៅថ្ងៃទី៣សីហានេះថា ខ្លួននឹងធ្វើការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផល នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នៅវេលាម៉ោង ២រសៀល ថ្ងៃទី៤សីហាស្អែកនេះ រហូតដល់បញ្ចប់ជាស្ថាពរ នៅសាលសន្និសីទ គ.ជ.ប។
គ.ជ.ប បានបញ្ជាក់ថា ការត្រួតពិនិត្យ ផ្ទៀងផ្ទាត់នេះ ត្រូវបានចាត់តាំងជា ៤ក្រុមធំ រួមមាន៖
- ក្រុមសម្របសម្រួលថ្នាក់កណ្តាល
- ក្រុមទទួលសម្ភារឯកសារបោះឆ្នោត
- ក្រុមកំណត់បែងចែកអាសនៈ
- ក្រុមត្រួតពិនិត្យលទ្ធផលឡើងវិញ។
ដោយឡែកក្រុមត្រួតពិនិត្យលទ្ធផលឡើងវិញ ត្រូវបានបែងចែកជា ៥ក្រុមតូចទៀត ដើម្បីជួយបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាព។
លោក សោម សូលីដា អគ្គលេខាធិការរង (គ.ជ.ប) បានថ្លែងប្រាប់ខ្លីៗ នៅរសៀលថ្ងៃទី៣ ខែសីហានេះថា នៅពេលដែលគណៈកម្មការរាជធានី-ខេត្ត រៀបចំការបោះឆ្នោត បានធ្វើការបូកសរុបលទ្ធផលនៃការបោះឆ្នោតតាមរាជធានី-ខេត្ត របស់ខ្លួនរួចរាល់ លទ្ធផល និងឯកសារសម្ភារទាំងអស់ ត្រូវបញ្ជូនទៅ គ.ជ.ប។
លោក សោម សូរីដា បន្តថា នៅពេលដែល គ.ជ.ប ត្រួតពិនិត្យផ្ទៀងផ្ទាត់លទ្ធផល នៃការបោះឆ្នោតនៅតាមរាជធានី ខេត្ត រួចមក ហើយបណ្តឹងពាក់ព័ន្ធទៅនឹងលទ្ធផលបោះឆ្នោត ត្រូវបានចប់សព្វគ្រប់ដែរនោះ គ.ជ.ប នឹងប្រកាសលទ្ធផលបណ្តោះអាសន្ន។
លោកបញ្ជាក់ថា គណបក្សនយោបាយមានសិទ្ធិប្តឹងតវ៉ាអំពីលទ្ធផលមួយផ្នែក ឬទាំងមូលនៃការបោះឆ្នោត ដោយអាចប្តឹងទៅ គ.ជ.ប ឬក្រុមប្រឹក្សាធម្មនុញ្ញក្នុងរយៈពេល ៧២ម៉ោង បន្ទាប់ពីថ្ងៃប្រកាសលទ្ធផលបណ្តោះអាសន្ន៕
Comments
Post a Comment