អាជ្ញាធរ​ព្រមាន​ចំពោះ​ផែនការ​ធ្វើ​យុទ្ធនាការ "ស្នាម​មេដៃមួយ​ដើម្បី​កោះ​ត្រល់" របស់​បក្ស​ខ្មែរក្រោក

អាជ្ញាធរ​បាន​ព្រមាន​ថា ការ​ធ្វើ​យុទ្ធនាការ "ស្នាម​មេដៃ​មួយ​ដើម្បី​កោះ​ត្រល់" របស់​គណបក្ស​ខ្មែរក្រោក​នាពេល​ខាងមុខនេះ នឹង​ត្រូវ​ប្រឈម​ចំពោះ​មុខច្បាប់ ​ប្រសិន​បើ​មិនមាន​ច្បាប់​អនុញ្ញាត​ទេនោះ។
នាយ​ឧត្តម​សេនីយ៍ ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ បាន​ថ្លែង​ប្រាប់ [ខ្លីៗ] នា​ព្រឹក​ថ្ងៃទី២​សីហា​ថា ការ​ធ្វើអ្វី​ក៏ដោយ​ គឺ​ត្រូវមាន​លិខិត​ស្នើសុំ​ទៅ​អាជ្ញាធរ​ឲ្យ​បាន​ត្រឹមត្រូវ ពោលគឺ​​ត្រូវ​​អនុវត្ត​ទៅ​តាម​ច្បាប់​បាតុកម្ម​ដោយ​សន្តិវិធី។

ចំណែក​លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក៏​បាន​ថ្លែង​ប្រាប់ [ខ្លីៗ] ផងដែរ​ថា ការ​ធ្វើអ្វី​គឺ​ត្រូវ​អនុវត្ត​ និង​សិក្សា​ច្បាប់​ឲ្យ​បាន​ច្បាស់លាស់ ជៀសវាង​បង្ក​កំហុស​ឆ្គង ​ដែល​អាច​ធ្វើឲ្យ​ប៉ះពាល់​ទៅដល់​សង្គម​ជាតិ។ លោក​ថា៖ «ប្រទេស​មាន​ច្បាប់​អនុវត្ត​តាម​ច្បាប់​ទើបត្រូវ អ្នកមិន​អនុវត្ត​តាមច្បាប់ គឺមាន​កំហុស​ឆ្គង​ជាមួយ​ផ្លូវច្បាប់ មិនអាច​អត់​អោន​ឲ្យបាន​ទេ»។
សូម​រំលឹក​ថា កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ​២០១៨ គណបក្ស​ខ្មែរក្រោក បាន​ប្រកាស​ថា ខ្លួននឹង​ចាប់ផ្តើម​ធ្វើយុទ្ធនាការ "ស្នាម​មេដៃ​មួយ​ដើម្បី​កោះ​ត្រល់" នាថ្ងៃទី៨ ខែសីហា ឆ្នាំ​២០១៨។ តាមរយៈ​យុទ្ធនាការ​នេះ គណបក្ស​នឹង​ប្រមូលស្នាម​មេដៃរបស់​ពលរដ្ឋទាំងអស់​នៅទូទាំង​ប្រទេស ដើម្បី​អនុវត្តយន្តការ​ថ្នាក់ជាតិ​ជំហាន​ទី១ ក្នុងការ​រៀបចំ​ញត្តិប្តឹង​ទៅក្រុមប្រឹក្សាធម្មនុញ្ញ ដែលមាន​សមត្ថកិច្ច​មោឃភាពរាល់​ការ​អនុម័ត​ទាំងឡាយ​ណា​ដែល​ផ្ទុយ​នឹង​គោលការណ៍ រក្សា​ការពារ​ឯករាជ្យ អធិបតេយ្យភាព និងបូរណភាព​ទឹកដីកម្ពុជា ដោយយោងតាម​មាត្រា ៩២ នៃរដ្ឋធម្មនុញ្ញ។ ចំណែក​ជំហាន​បន្ទាប់ គណបក្ស​នេះ នឹង​ប្រើប្រាស់​យន្តការ​អន្តរជាតិ​នៅ​តុលាការ ICJ ក្នុងការ​ប្តឹង​ទាមទារ​យក​កោះត្រល់​ពី​វៀតណាម មក​វិញ៕

Comments