សង្សារចាស់អូននៅតែសំខាន់ ស្រីស្អាតធ្វើខួបកំណើតឱ្យសង្សារចាស់ សង្សារថ្មីប្រចណ្ឌ

នារីវ័យក្មេងរូបស្រស់ម្នាក់នេះ បានធ្វើឱ្យមហាជន ពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីនាងបានទិញនំខួបកំណើតជូនសង្សារចាស់របស់នាងដែលកំពុងសម្រាកព្យាបាលនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ រហូតធ្វើឱ្យសង្សារថ្មីរបស់នាងមានចិត្តប្រចណ្ឌទៀតផង ប៉ុន្តែត្រូវនារីរូបស្រស់ឆ្លើយតបទៅវិញថា សុំទោសបង សង្សារចាស់អូននៅតែសំខាន់។

នារីរូបស្រស់ដែលធ្វើខួបកំណើតឱ្យសង្សារចាស់របស់ខ្លួន មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា មានគណនីហ្វេសប៊ុក ឈ្មោះ Ella Ella។


ស្រីស្អាតជាម្ចាស់គណនីហ្វេសប៊ុក Ella Ella កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ បានធ្វើឱ្យអ្នកលេងហ្វេសប៊ុកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីនាងបានបង្ហោះរូបភាព៤-៥សន្លឹក បង្ហាញពីសកម្មភាពដែលនាងរៀបចំធ្វើខួបកំណើតឱ្យសង្សារចាស់ ដែលកំពុងសម្រាកក្នុងបន្ទប់សង្គ្រោះបន្ទាន់ និងប្រៀបបានជាមនុស្សរុក្ខជាតិទៅហើយ។ ជាមួយនេះ ស្រីស្អាតខាងលើ បានបង្ហោះសារភ្ជាប់មកជាមួយថា “Happy birthday to you សង្សារចាស់ បែកគ្នាហើយ ឆ្នាំទី៣ទើបបានទិញ Cake ឱ្យ កាលជាសង្សារឆ្នាំទី១ ឈ្លោះគ្នាអត់និយាយរកគ្នា មិនបានសូម្បីតែជូនពរ ឆ្នាំទី២ គាត់នៅក្នុងបន្ទប់ I.C.U ឆ្នាំនេះបានទាំងទិញនំឱ្យហើយបានជូនពរទៀត ជូនពរបងឱ្យ ឆាប់ជាសះស្បើយឡើងវិញ I still love you មនុស្សល្អ ល្មមងើបហើយ ឱ្យគេឆាប់បានយកប្តី នៅឱ្យគេគិតហើយបារម្ភដល់កាលទៀត…”។


ដោយឡែកនៅយប់ថ្ងៃដដែលនោះ ស្រីស្អាត ជាម្ចាស់គណនី Ella Ella បានបង្ហោះបន្ថែមមួយទៀត ជាការបង្ហាញពីទឹកចិត្តរបស់នាង ទៅកាន់សង្សារថ្មី ដែលកំពុងមានចិត្តប្រចណ្ឌចំពោះទង្វើរវាងនាង និងសង្សារចាស់។ ស្រីស្អាតរូបនេះ បានបង្ហោះសារថា “ខ្ញុំធ្លាប់ប្រាប់ហើយ ខ្ញុំនៅ គិតនៅបារម្ភពីអ្នកចាស់ ព្រោះគាត់ឈឺធ្ងន់ ហើយក៏ធ្លាប់ប្រាប់ទៀតថា ខ្ញុំដើរចេញហើយ ខ្ញុំមិនត្រឡប់ក្រោយទៅបន្ត ឬចាប់ផ្តើមថ្មីជាមួយអ្នកចាស់នោះទេ ទទួលយកបានអត់? បើអត់ក៏បែកគ្នា ខ្ញុំដឹងថាខ្ញុំខុស ដែលមានសង្សារហើយនៅគិតពីអ្នកចាស់ ប៉ុន្តែបើអ្នកចាស់គាត់មិនឈឺ ក៏ខ្ញុំមិនខ្វល់ដែរ ប្រាប់គ្រប់រឿង ឱ្យរូបមើលទៀតគួរតែយល់ហើយ មនុស្សឈឺហើយ ជាមនុស្សរុក្ខជាតិណា មិនមែនជាធម្មតាដូចយើងនោះទេ ចឹងបានខ្ញុំសុខ ចិត្តនៅម្នាក់ឯង មិនចង់មានសង្សារ ព្រោះខ្ញុំក្រែងចិត្តសង្សារណាស់ ដែលតែងតែនិយាយរឿងអ្នកចាស់ប្រាប់រហូត នៅតែគិត នៅតែបារម្ភ នៅតែទៅលេងគាត់រហូត ព្រោះមិនចង់ឱ្យអ្នកណាមកខូចចិត្តនឹងខ្ញុំ ទើបសម្រេចចិត្តថា នៅម្នាក់ឯង ខ្ញុំធ្វើចិត្តអត់បានមែន ព្រោះគាត់ជាមនុស្សប្រុសដែលល្អសម្រាប់ខ្ញុំ ឃើញគាត់ក្នុងសភាពបែបនេះ គឺវាឈឺចាប់ខ្លាំងណាស់ គ្រប់មនុស្សប្រុសដែល chat ជាមួយខ្ញុំ គឺខ្ញុំតែងតែនិយាយពីរឿងសង្សារចាស់ ប្រាប់គេទាំងអស់គ្នា ខ្ញុំមិនចូលចិត្តលាក់បាំងនោះទេ សុខចិត្តឱ្យគេដឹងមុនឱ្យហើយ បើគេនៅតែជ្រើសរើសខ្ញុំក៏មិនអីដែរ? សូមទោសដែលទុកសង្សារចាស់សំខាន់ជាង បើអ្នកជាខ្ញុំអ្នកយល់ហើយ…”។


ជាចុងក្រោយ នារីរូបស្រស់ខាងលើ ក៏បានបង្ហោះសារមួយទៀតថា “ទោះគាត់ក្លាយជាបែបនេះមែន ប៉ុន្តែខ្ញុំមិនទាន់បាត់បង់គាត់នោះទេ ខ្ញុំនៅមានឱកាស ធ្វើនូវអ្វីដែលខ្ញុំអាចធ្វើបាន គ្រាន់តែមានតែខ្ញុំម្នាក់ ដែលទទួលដឹងគ្រប់អារម្មណ៍ ព្រោះគាត់មិនអាចដូចមុននោះទេ ខ្ញុំមិនដឹងនោះទេថា គាត់អាចទទួលដឹងពីអ្វីដែលខ្ញុំបាននិយាយ និងធ្វើឱ្យរឺអត់នោះទេ គ្រប់យ៉ាងដែលបានធ្វើ គឺចង់តបស្នងទៅនឹងមនុស្សល្អដូចគាត់ ទោះពេលនេះយើងមិនមែនជាសង្សារគ្នាដូចមុន ប៉ុន្តែខ្ញុំមិនដែលចាត់ទុកគាត់ជាអ្នកដទៃដែរ នៅតែទៅលេង ទៅមើលដដែល ទោះធ្លាប់នៅមើលថែ បានតែប៉ុន្មានខែក៏មានក្តីសុខ ដែលបាននៅក្បែរមើលថែគាត់ជាលើកចុងក្រោយ ដែលអាចធ្វើបាន មើលថែអ្នកជំងឺមិនមែនស្រួលទេណា មិនថាគាត់ក្លាយជាបែបណា ក៏ខ្ញុំនៅតែស្រលាញ់ នៅតែគិត និងបារម្ភពីគាត់រហូត ទោះបីមិនអាចដូចដើម ក៏សុំត្រឹមឃើញគេធូរស្បើយជាងនឹងក៏អស់ចិត្ត មនុស្សល្អទេវតាតាមថែរក្សា….”៕


Comments