វៀតណាម សហការ​ជាមួយ Airbus ដើម្បី​អភិវឌ្ឍ​វិស័យ​អវកាស​របស់​ខ្លួន

ក្រសួង​វិទ្យាសាស្រ្ត​និង​បច្ចេកវិទ្យា​វៀតណាម និង​ក្រុមហ៊ុន Airbus កាលពី​ពេលថ្មីៗ​នេះ បាន​ចុះ​ហត្ថលេខា​លើ​ឯកសារ​មួយ ដែល​អនុញ្ញាត​ឱ្យ​ភាគី​ទាំង២ ធ្វើការ​រួមគ្នា​លើ​វិស័យ​អវកាស។ ក្នុងនោះ​មានការ​ផ្លាស់ប្តូរ​ព័ត៌មាន​គ្នា​ដែល​ពាក់ព័ន្ធ​នឹងការ​អង្កេត​ផែនដី ការ​រៀបចំ​និង​ចូលរួម​ព្រឹត្តិការណ៍​វិទ្យាសាស្រ្ត និង​បច្ចេកវិទ្យា និង​ការ​ស្រាវជ្រាវ​បច្ចេកវិទ្យា​ផ្កាយរណប​ជាដើម។ នេះបើតាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន Vietnam Economics Times កាលពីថ្ងៃ​ទី២​សីហា​ម្សិលមិញ។


លោក Nicolas Chamussy ប្រធាន​ផ្នែក​ប្រព័ន្ធ​អវកាស នៃ​ក្រុមហ៊ុន Airbus បាន​និយាយ​ថា ក្រុមហ៊ុន Airbus និង​វៀតណាម បាន​ក្លាយ​ជា​ដៃគូគ្នា​រួច​មកហើយ លើ​ការ​បង្ហោះ​ផ្កាយរណប VNREDSat-1។ ចំណែក​ឯកសារ​ដែលបាន​ចុះ​ហត្ថលេខា​រួមគ្នា​កាលពី​ពេលថ្មីៗ​នេះ នឹង​អាចឱ្យ​ភាគី​ទាំង២ គាំទ្រ និង​អភិវឌ្ឍ​បន្ថែម​ទៀត ចំពោះ​ឧស្សាហកម្ម​អវកាស​របស់​វៀតណាម។
គួរ​រំលឹក​ថា កាលពី​ឆ្នាំ​២០១០ Airbus បាន​ឈ្នះក្នុង​ការ​ចុះ​កុងត្រា​ជាមួយ​វៀតណាម ដើម្បី​អភិវឌ្ឍ ផលិត និង​បាញ់​បង្ហោះ​ផ្កាយរណប VNREDSat-1 ដែលជា​ផ្កាយ​រណប​សម្រាប់​អង្កេត​ផែនដី​ជាលើក​ដំបូង​របស់​ប្រទេស​អាស៊ាន​១នេះ។ ផ្កាយរណប​នេះ ត្រូវបាន​បាញ់​បង្ហោះ​ដោយ​ជោគជ័យ​កាលពីឆ្នាំ​២០១៣ ដោយ​បាន​ធ្វើឱ្យ​វៀតណាម អាច​ត្រួតពិនិត្យ និង​សិក្សា​ពីឥទ្ធិពល​នៃ​ការប្រែប្រួល​អាកាសធាតុ ព្យាករ និង​ចាត់​វិធានការ​ទប់ស្កាត់​គ្រោះ​ធម្មជាតិ​នានា ព្រមទាំង​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​របស់​ខ្លួន​ផងដែរ៕

Comments