កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ ចិនបានប្រកាសថា ការធ្វើតេស្តយន្តហោះចម្បាំងទំនើបចុងក្រោយបង្អស់របស់ខ្លួនគឺទទួលបាននូវជោគជ័យល្អ។ យន្តហោះនេះ មានល្បឿនលឿនជាងសំឡេង ហើយអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ និងអាចវាយលុកប្រព័ន្ធការពារមីស៊ីលបានថែមទៀតផង។
វាត្រូវគេឲ្យឈ្មោះថា Xingkong-2 ឬ Starry Sky-2 ដែលបានហោះសាកល្បងចេញពីភាគពាយ័ព្យប្រទេសចិន កាលពីថ្ងៃសុក្រសប្ដាហ៍មុន។ ការហោះសាកល្បងរបស់ Xingkong-2 នៅលើអាកាសមានរយៈពេលប្រមាណជា ១០នាទី។
លោក Song Zhongping អ្នកជំនាញយោធាចិន បានប្រាប់សារព័ត៌មានក្នុងស្រុក Global Times ថា ការសាកល្បងនឹងបន្តជាញឹកញាប់ថែមទៀតនាថ្ងៃអនាគត មុនពេលត្រូវប្រគល់យន្តហោះចម្បាំងនេះទៅឲ្យកងទ័ពរំដោះប្រជាជនចិន។ លោក Song បន្តថា បច្ចុប្បន្ន ប្រព័ន្ធការពារមីស៊ីលអាចកម្ទេចបានតែប្រភេទមីស៊ីលប៉ាលីស្ទិក ដែលមានល្បឿនយឺត និងងាយស្រួលកត់សម្គាល់ទុកមុន។ ប៉ុន្តែប្រព័ន្ធការពារមីស៊ីលទាំងនោះមិនអាចធ្វើអ្វី Xingkong-2 បានឡើយ ដោយសារតែវាមានល្បឿនលឿនខ្លាំង និងមិនងាយស្រួលឲ្យគោលដៅដឹងដំណឹងមុននោះទេ។
"ការធ្វើតេស្ដនេះឆ្លុះបញ្ចាំងថា បច្ចេកវិទ្យាចិនកំពុងមានភាពប្រហាក់ប្រហែលទៅនឹងអាមេរិក និងរុស្ស៊ីអ៊ីចឹងដែរ" លោក Song បានអះអាង៕
Comments
Post a Comment