ព្រឹត្តិការណ៍​នយោបាយ​ជាតិ-អន្តរជាតិ​សំខាន់ៗ​ប្រចាំ​សប្តាហ៍

[ខ្លីៗ] សូម​លើក​យក​ព្រឹត្តិការណ៍​នយោបាយ​ជាតិ និង​អន្តរជាតិ​សំខាន់ៗ ដែល​មាន​ឡើង​ក្នុង​១សប្តាហ៍​មក​នេះ មក​បង្ហាញ​ជូន​ដូច​ខាងក្រោម៖
ព្រឹត្តិការណ៍​នយោបាយ​ជាតិ
១. កម្ពុជា បង្ហាញ​ការ​សោកស្តាយ​ចំពោះ​ការវាយតម្លៃរបស់បរទេស ជុំវិញការបោះឆ្នោត

ក្រសួង​ការបរទេស​កម្ពុជា បាន​ចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ​២០១៨ ដោយបង្ហាញពីភាគជោគជ័យ​នៃដំណើរការ​ការបោះឆ្នោត​ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៩ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ប៉ុន្តែក៏បាន​បង្ហាញពីភាពសោកស្តាយ​របស់​ប្រទេស​មួយចំនួន ដែលបាន​វាយតម្លៃថា ការបោះឆ្នោត​នៅកម្ពុជា គ្មាន​ភាពសេរី ត្រឹមត្រូវ យុត្តិធម៌ មិនតំណាងឱ្យឆន្ទៈប្រជាជនខ្មែរ និងមិនអាច​ទទួលយកបាននោះឡើយ។
២. សំណុំ​រឿង​លោក កឹម សុខា នឹងត្រូវ​ជំនុំ​ជម្រះ​នៅ​តុលាការ​កំពូល នាថ្ងៃទី​២២សីហា

យោង​តាម​លិខិត​របស់​លោក​ ឈួន ចាន់ថា អគ្គ​ព្រះ​រាជ​អាជ្ញារង នៃ​មហា​អយ្យការ​អម​តុលាការ​កំពូល ចុះ​ថ្ងៃ​ទី​០១ ខែ​សីហា ឆ្នាំ​២០១៨ ឱ្យដឹងថា តុលាការ​កំពូល​ នឹង​បើក​សវនាការ​ជំនុំ​ជម្រះ​លើ​សំណុំ​រឿង​លោក កឹម សុខា អតីត​ប្រធាន​​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៨ ខាងមុខ​នេះ ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​សន្ទិដ្ឋិភាព​ជាមួយ​បរទេស។
៣. សម្តេច ហ៊ុន សែន អំពាវនាវ​កុំឱ្យ​មាន​ការ​រើស​អើងគ្នា ជុំវិញ​ការ​ទៅ ឬ​មិនទៅ​បោះ​ឆ្នោត

ក្នុងពិធី​សំណេះ​សំណាល​ជាមួយ​កម្មករ នៅ​ខណ្ឌ​ពោធិ៍សែនជ័យ ​កាលពីថ្ងៃទី​២​សីហា ២០១៨ សម្តេច​ ហ៊ុន សែន បាន​អំពាវនាវ​កុំ​ឲ្យ​មាន​ការ​រើសអើង ឬ​ការ​ចោទ​ប្រកាន់​គ្នា រវាង​អ្នក​ទៅ​បោះឆ្នោត និង​អ្នក​មិន​ទៅ​បោះឆ្នោត។ តាម​របាយការណ៍​របស់ គ.ជ.ប បាន​បញ្ជាក់​ថា ចំនួន​ប្រជាពលរដ្ឋ​ដែលបានទៅចូលរួមបោះឆ្នោត​មានជាង ៦,៩លាននាក់ ស្មើនឹងជាង ៨២% នៃ​អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជីបោះឆ្នោត។
៤. ផែនការ​ធ្វើយុទ្ធនាការ "ស្នាម​មេដៃមួយ​ដើម្បី​កោះ​ត្រល់" របស់​បក្ស​ខ្មែរក្រោក រងការ​ព្រមាន

គណបក្ស​ខ្មែរ​ក្រោក បាន​ប្រកាស​កាលពីថ្ងៃទី៣១​កក្កដា ២០១៨ថា ខ្លួន​នឹង​ចាប់ផ្តើម​ធ្វើយុទ្ធនាការ "ស្នាម​មេដៃ​មួយ​ដើម្បី​កោះ​ត្រល់" នាថ្ងៃទី៨ ខែសីហា ឆ្នាំ​២០១៨។ ប៉ុន្តែ​អាជ្ញាធរ​បាន​ព្រមាន​គណបក្ស​នេះ​ថា នឹង​ត្រូវ​ប្រឈម​ចំពោះ​មុខច្បាប់ ​ប្រសិន​បើ​មិនមាន​ច្បាប់​អនុញ្ញាត​ទេនោះ។

៥. គ.ជ.ប បញ្ចេញ​ប្រតិកម្ម ចំពោះការ​ចោទប្រកាន់​របស់លោក ខឹម វាសនា

កាលពីថ្ងៃទី៣ និង ៤ សីហា ២០១៨ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (គ.ជ.ប) បាន​បញ្ចេញ​ប្រតិកម្ម និងឆ្លើយតប​ចំពោះការចោទប្រកាន់ជាច្រើនរបស់លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បីប្រជាធិបតេយ្យ (LDP) មកដល់​មន្រ្តី​រៀបចំការ​បោះឆ្នោត។ ការចោទប្រកាន់​ទាំងនោះ​មានដូចជា ការលួច​បំប៉ោង​សំឡេង​ឆ្នោត​ក្នុងទម្រង់ ១១០៩, ការគាបសង្កត់​ភ្នាក់ងារ​គណបក្ស​មកពី LDP, ការ​ចាប់វាយខ្នោះ​ភ្នាក់ងារ​គណបក្ស​នយោបាយ, ប្រជាពលរដ្ឋ​ចូលរួម​បោះឆ្នោតត្រឹម ៧០%​ប៉ុណ្ណោះ (គ.ជ.ប ថា ជាង ៨២%) និងការហាម​ឃាត់​មិនឱ្យថតសកម្មភាព​រាប់សន្លឹកឆ្នោត​ជាដើម។
ព្រឹត្តិការណ៍​នយោបាយ​អន្តរជាតិ
១. កូរ៉េខាងជើង រងការ​សង្ស័យ​ថា កំពុង​ផលិត​មីស៊ីល​អន្តរ​ទ្វីប​ថ្មី

វាស៊ីងតោន​ប៉ុស្តិ៍​ បាន​រាយការណ៍​កាលពី​ថ្ងៃទី​៣០ ខែ​កក្កដា ឆ្នាំ២០១៨​ថា កូរ៉េ​ខាងជើង​កំពុងផលិត​មីស៊ីល​បាលីស្ទីក​អន្តរទ្វីប​ថ្មី ដែលអាច​បាញ់​ដល់​សហរដ្ឋអាមេរិក ទោះ​មានការ​ចរចា​រវាង​មេដឹកនាំ​អាមេរិក និង​កូរ៉េ​ខាងជើង អំពីការ​បញ្ឈប់​នុយក្លេអ៊ែរ កាលពី​ខែ​មិថុនា​ក៏ដោយ។ រោងចក្រ​ដែល​ផលិត​មីស៊ីល​ថ្មីនេះ ស្ថិត​ក្នុង​ក្រុង Sanumdong ​មាន​ចម្ងាយ​ប្រមាណ ២៧​គីឡូម៉ែត្រ​ពី​ក្រុង​ព្យុងយ៉ាង។
២. ថៃ ស្នើឱ្យ​អង់គ្លេស ធ្វើ​បត្យាប័ន លោកស្រី យីងឡាក់

BBC បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី​៣១ ខែ​កក្កដា ឆ្នាំ​២០១៨​ថា រដ្ឋាភិបាល​ថៃ បាន​ស្នើ​ឲ្យ​មាន​ការ​ធ្វើ​បត្យាប័ន​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក​ស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ពី​ចក្រភព​អង់គ្លេស ខណៈដែល​លោកស្រី ត្រូវបាន​គេជឿថា កំពុង​ស្នាក់​នៅក្នុង​ប្រទេស​នោះ។ ស្ថាន​ទូតថៃ​នៅ​ក្រុង​ឡុងដ៍ បាន​ដាក់​លិខិត​មួយ អម​ដោយ​សេចក្ដី​ចម្លង​នៃ​ឯកសារ​របស់​តុលាការ ព្រមទាំង​ដីកា​ចាប់ខ្លួន ទៅ​កាន់​អាជ្ញាធរ​អង់គ្លេស ដើម្បី​នាំ​ខ្លួន​លោកស្រី​យីង​ឡាក់ មក​ទទួល​ទោស​នៅ​ថៃ។
៣. ចិន ប្រតិកម្ម​ជុំវិញ​ការ​ដំឡើង​ទង់តៃវ៉ាន់ នៅ​វៀតណាម

រដ្ឋមន្ត្រី​ការបរទេស​របស់​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន បាន​ចាប់​ផ្តើម​កិច្ចប្រជុំ ​កាលពី​ថ្ងៃ​ទី​០២ សីហា​ ឆ្នាំ​២០១៨ នា​ប្រទេស​សិង្ហបុរី ដែល​ផ្ដោត​សំខាន់​លើ​ប្រធាន​ ២ ក្នុង​នោះ​មាន​ កម្មវិធី​អាវុធនុយក្លេអ៊ែរ​កូរ៉េខាងជើង និង​ជម្លោះសមុទ្រ​ចិន​ខាង​ត្បូង។ រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន បាន​ស្វាគមន៍​ចំពោះ​ស្មារតី​របស់​មេដឹក​នាំ​កូរ៉េខាងជើង ក្នុង​ការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ ដែល​បាន​ចុះ​ហត្ថលេខា​ជាមួយ​លោក ដូណាល់ ត្រាំ នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​កាល​ខែ​មិថុនា​កន្លង​ទៅ នា​​ប្រទេស​សិង្ហបុរី។ ជាមួយ​គ្នា​នេះ​ដែរ ក្រុម​រដ្ឋមន្ត្រី​ទាំង​អស់ ក៏​នឹងស្វាគមន៍​នូវ​ដំណើរ​ការនៃការចរចា​រវាង​ប្រទេស​អាស៊ាន​ទាំង​១០ ជាមួយ​ចិន ដើម្បី​ឆ្ពោះ​ទៅ​រក​ការ​សម្រេច​បឋម​នៃ​ប្រសិទ្ធភាព​របស់​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាង​ត្បូង(COC) លើ​អ្វី​ដែល​ពួក​គេ បាន​យល់ព្រម​ កាល​ពី​ពេល​កន្លង​មក។

Comments