គ.ជ.ប ប្រាប់ពី​លក្ខខណ្ឌ ដែល​នាំ​ទៅ​ដល់​ការ​បោះឆ្នោត​សាជាថ្មី

ប្រសិន​បើ​​ការ​ប្តឹង​ទៅនឹង​លទ្ធផល​បោះឆ្នោត​បឋម មាន​ធាតុផ្សំ​នៃ​បណ្តឹង​គ្រប់គ្រាន់ ធ្វើឱ្យ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ជឿជាក់​បាន​ថា ពិតជា​មាន​ភាព​មិន​ប្រក្រតី​កើតឡើង​ធ្ងន់ធ្ងរ ដែល​ប៉ះពាល់​ទៅដល់​លទ្ធផល​នៃការ​បោះឆ្នោត នោះ​ទើបនាំ​ទៅដល់​ការ​បោះឆ្នោត​សាជាថ្មី។ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក សោម សូរីដា អគ្គ​លេខាធិការ​រង គ.ជ.ប ក្នុងបទ​សម្ភាស​មួយ​ជាមួយ​សារព័ត៌មាន​ដើម​អម្ពិល កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ​២០១៨។

លោក​បន្ត​ថា ប្រសិន​បើ​ពុំមាន​ភស្តុតាង ទឡ្ហីករណ៍ ឬ​ធាតុផ្សំ​គ្រប់គ្រាន់​ដែល​បង្ហាញ​ពី​កំហុស​របស់​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ណាមួយ និង​ភាព​មិន​ប្រក្រតី​ធ្ងន់ធ្ងរ​ណាមួយ ធ្វើឱ្យ​ប៉ះពាល់​ដល់​លទ្ធផល​បោះឆ្នោត​ទេនោះ គ.ជ.ប នឹង​សម្រេច​អំពី​ការ​បដិសេធ​លទ្ធផល​មួយ​ផ្នែក ឬ​ទាំងមូល​នៃការ​បោះឆ្នោត ហើយ​ដែល​អាច​នាំ​ទៅ​ដល់​ការ​បោះឆ្នោត​សាជាថ្មី​ផងដែរ។
មន្រ្តីជាន់ខ្ពស់ គ.ជ.ប រូបនេះ ក៏បាន​ពន្យល់​ដែរថា ចំពោះ​ការ​មិន​ទទួលស្គាល់​ របស់​បរទេស​មួយ​ចំនួន​ដូចជា អាមេរិក សហភាព​អឺរ៉ុប អង់គ្លេស ឬ​អាល្លឺម៉ង់ ដែល​ថាការ​បោះឆ្នោត​មិន​ត្រឹមត្រូវ​ ហើយនាំ​ទៅដល់​ការ​បោះឆ្នោត​សាជា​ថ្មីនោះ គឺជា​រឿង​មិន​អាច​ធ្វើទៅ​បាន​ឡើយ ព្រោះផ្ទុយ​នឹង​ច្បាប់​របស់​ប្រទេស។
សូមជម្រាប​ថា គ.ជ.ប នឹង​ប្រកាស​លទ្ធផល​បោះឆ្នោត ចំនួន​អាសនៈ​រដ្ឋសភា និង​ឈ្មោះ​អ្នក​តំណាងរាស្រ្ត​ដែល​គណបក្ស​នីមួយៗ​ទទួល​បាន ជា​ផ្លូវការ​នៅ​ថ្ងៃទី ១៥ ខែ​សីហា ឆ្នាំ​២០១៨៕

Comments