លោក ជេត ភិរម្យ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានថ្លែងឱ្យដឹងកាលពីថ្ងៃទី៣ខែសីហាថា តម្លៃជ្រូកនៅកម្ពុជា អាចនឹងរក្សាបានភាពថ្លៃ រហូតដល់ទៅ ២ ឬ៣ឆ្នាំឯណោះ ដែលជារយៈពេលយូរគួរសមដែរ។
លោកបាននិយាយយ៉ាងដូច្នេះថា៖ «ខ្ញុំបានតាមដានមើលស្ថានភាពទីផ្សារសាច់ជ្រូកបរទេស កម្ពុជា ថៃ វៀតណាម និង ចិន ដែលជាទីផ្សារជះ និង ទទួលឥទ្ធិពលពីគ្នាទៅវិញទៅមក គឺមិនទាន់ឃើញមានសញ្ញាណាមួយដែលថាជ្រូក អាចនឹងធ្លាក់ថ្លៃនៅឡើយទេ ក្នុងពេលឆាប់ៗនេះ»។
សូមរំលឹកថា តម្លៃជ្រូកនៅកម្ពុជា បានធ្លាក់ចុះយ៉ាងខ្លាំង អស់រយៈពេលប្រមាណជា ២ឆ្នាំ បណ្តាលឱ្យកសិករចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារនៅកម្ពុជាប្រមាណជា ៥០ភាគរយ បានក្ស័យធនខាតអស់ដើមទុនពីខ្លួន។ ចំណែកកសិដ្ឋានចិញ្ចឹមជ្រូកធំៗ ក៏ជួបការលំបាកធ្ងន់ធ្ងរណាស់ដែរ ដោយសារតែកាលណោះ ជ្រូកចាល់ ពោលគឺជ្រូកសល់ គ្មានទីផ្សារ ពីប្រទេសវៀតណាម ត្រូវបាននាំចូលមកលក់នៅកម្ពុជា ក្នុងតម្លៃថោកជាងតម្លៃដើម។
លុះដល់ជ្រូកនៅវៀតណាមបានស្រកស្រុតអស់ទៅ ទើបតម្លៃជ្រូកនៅកម្ពុជា មានភាពល្អប្រសើរឡើងវិញ ចាប់ពីអំឡុងខែមេសា ឆ្នាំ២០១៨នេះ ដោយជ្រូករស់ក្នុង ១គីឡូក្រាម គឺមានតម្លៃចាប់ពី ៨៤០០រៀល ដល់ ៩ពាន់រៀល។
លោក ជេត ភិរម្យ បានមើលឃើញថា នេះគឺជាឱកាសល្អសម្រាប់កសិករចិញ្ចឹមជ្រូកនៅកម្ពុជា ដោយសារពេលនេះ រដ្ឋាភិបាលវៀតណាម បានចាប់ផ្តើមគ្រប់គ្រងជ្រូក ពោលគឺធ្វើយ៉ាងណាឱ្យតម្រូវការ និង ការផ្គត់ផ្គង់មានតុល្យភាពនឹងគ្នា កុំឱ្យការផ្គត់ផ្គង់មានភាពលើសលប់ខ្លាំងពេកទៅលើតម្រូវការ ជាហេតុនាំឱ្យជ្រូកចាល់ចុះថោក ខាតធ្ងន់ធ្ងរដូចកាលកន្លងទៅថ្មីៗនេះ។
ម្យ៉ាងទៀតតម្លៃ នៃការចិញ្ចឹមជ្រូកនៅប្រទេសវៀតណាមពេលនេះ ក៏មានតម្លៃប្រហាក់ប្រហែលគ្នានឹងការចិញ្ចឹមជ្រូកនៅកម្ពុជាដែរ ដែលបានសេចក្តីថា ក្នុងពេលឆាប់ៗនេះ វៀតណាម មិនមានជ្រូកចាល់ ឬ មិនមានលទ្ធភាពនាំជ្រូកមកលក់ថោកៗនៅកម្ពុជា ធ្វើឱ្យប៉ះពាល់ដល់កសិករនៅកម្ពុជាទៀតទេ បន្ទាប់ពីខាតបង់យ៉ាងដំណំមក។ លោក ជេត ភិរម្យ បន្ថែម។
តម្រូវការសាច់ជ្រូកនៅកម្ពុជាក្នុង ១ថ្ងៃប្រមាណជាជាង ៧ពាន់ក្បាល ហើយបច្ចុប្បន្ននេះ កម្ពុជា ត្រូវនាំជ្រូកចូលពីប្រទេសថៃ ក្នុង ១ថ្ងៃប្រមាណជាង ១ពាន់ក្បាលដើម្បីផ្គត់ផ្គង់តម្រូវការក្នុងប្រទេស។ ប៉ុន្តែ កម្ពុជា នឹងមិននាំជ្រូកចូលពីវៀតណាមទៀតទេ ព្រោះជ្រូកនៅវៀតណាម ពេលនេះមានតម្លៃថ្លៃ។ ចំណែកជ្រូកនៅប្រទេសថៃ ត្រូវបានគេរំពឹងថា នឹងមិនអាចមានតម្លៃថោកជាងជ្រូកនៅកម្ពុជា ដែលអាចជះឥទ្ធិពលអវិជ្ជមានដល់អ្នកចិញ្ចឹមជ្រូកនៅកម្ពុជាទេ។
ទោះជាពេលនេះ ជាឱកាសល្អយ៉ាងណាក្តី ប៉ុន្តែលោក ជេត ភិរម្យ បានមើលឃើញថា អ្វីដែលជាឧបសគ្គនាពេលនេះ គឺកសិករខ្មែដែលបានបោះបង់ការចិញ្ចឹមជ្រូកដោយសារតែក្ស័យធនកន្លងមកនេះ មិនងាយនឹងចាប់ផ្តើមចិញ្ចឹមជ្រូកឡើងវិញទេ ព្រោះការចាប់ផ្តើមឡើងវិញ ត្រូវការទុន ប៉ុន្តែទុនរបស់ពួកគាត់បានខាតបង់ស្ទើរតែអស់ពីខ្លួនទៅហើយ៕
Comments
Post a Comment