សម្តេច ហ៊ុន សែន ឧបត្ថម្ភ ១ម៉ឺន​ដុល្លារ ដល់​លោក ចាន់ សម័យ ដើម្បី​សាងសង់​ផ្ទះ

សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ឧបត្ថម្ភ​ទឹកប្រាក់​ចំនួន ១ម៉ឺន​ដុល្លារ ដល់​លោក ចាន់ សម័យ អតីត​តារា​ចម្រៀង​ដ៏ល្បីល្បាញ​មួយរូប​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​​​សាង​សង់ផ្ទះ​ថ្មី​​មួយ​​ខ្នង​រស់​នៅ​ឲ្យ​បាន​សមរម្យ​។ ការ​ឧបត្ថម្ភ​នេះ ធ្វើឡើង​តាម​រយៈ​លោក ហេង ឡុង ដែលជា​ស្វាមី អ្នកនាង​ ចន ចាន់លក្ខិណា ប្រធាន​សមាគម​សិល្បៈ​កម្ពុជា នៅថ្ងៃទី​១២ ខែ​កក្កដា​នេះ។
បើ​តាម​សេចក្តី​រាយការណ៍​របស់​ភ្នាក់​ងារ​សារព័ត៌មាន Sabay ​ដែល​កំពុង​មាន​វត្ត​មាន​នៅ​ផ្ទះ​​ជួល​របស់​លោក​ ចាន់ សម័យ ឲ្យ​ដឹង​ថា ដី​ដែលលោក​ ចាន់ សម័យ គ្រោង​​នឹង​សាង​សង់​ផ្ទះ​នោះ គឺ​ស្ថិត​នៅ​ខាង​លិច​កប់​ស្រូវ​​ ចូល​តាម​ច្រក​ទ្វា​វត្ត​ឃ្នាប​ចម្ងាយ​ប្រមាណ​ ៣គីឡូម៉ែត្រ ទំហំ​ ៥គុណ​ ២០។ តែ​មិន​ទាន់​ដឹង​​ច្បាស់​ថា​អតីត​អ្នក​ចម្រៀង​រូបនេះ ជ្រើស​រើស​យក​ទីតាំង​ណា​មួយ​ដើម្បី​សាង​សង់​ផ្ទះ​នោះ​ទេ ព្រោះ​នៅ​ពេល​នេះ​ ឧកញ៉ា ឡេង ណាវ៉ាត្រា ជួយ​ដី​មួយ​ឡូត៍​នៅ​ផ្លូវ​ជាតិ​លេខ៣ ថែមទៀត។​

សូម​បញ្ជាក់​ថា ការ​ឧបត្ថម្ភ​នេះ ធ្វើឡើង​ក្រោយ​ពេល​ដែល​លោក ចាន់ សម័យ ត្រូវ​បាន​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​ផ្សព្វផ្សាយ​ថា លោក​កំពុង​រស់នៅ​ក្នុង​ជីវភាព​ក្រីក្រ​ ដោយ​ការ​រកស៊ី​ស្ទូច​ត្រីលក់​ចិញ្ចឹម​ជីវិត ព្រោះ​តែ​ទីផ្សារ​សិល្បៈ​រក​មិន​បាន ហើយ​​យូរៗ​បាន​ឡើង​ច្រៀង​តាម​ប៉ុស្តិ៍ និង​ច្រៀង​តាម​រោង​ការ​ម្ដងៗ​ប៉ុណ្ណោះ ឯ​សុខភាព​ក៏​មិន​អំណោយផល​ទៀត (មាន​ជំងឺ​របេង​ឆ្អឹង)។
បច្ចុប្បន្ន​លោក ចាន់ សម័យ កំពុងតែ​ស្នាក់​នៅ​ផ្ទះ​ជួល​១កន្លែង ក្នុង​សង្កាត់​ព្រែកលៀប ដោយ​ជួល​ក្នុង​១ខែតម្លៃ៨០ដុល្លារ ហើយ​​ត្រូវ​ទទួល​រាប់​រង​ចិញ្ចឹម​គ្រួសារ និង​ក្មួយ​ម្នាក់។ លោកមាន​កូន​រហូត​ដល់​ទៅ​​ ៥នាក់ គឺ​ប្រុស​ពីរ​នាក់ ស្រី​៣នាក់ (កូន​ភ្លោះ​ប្រុស​២ ស្រី​កណ្ដាល​១ និង​ភ្លោះ​ស្រី​២ក្រោយ៕

Comments