លោក សម រង្ស៊ី អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ នាថ្ងៃទី៦សីហានេះ បានឆ្លើយតបទៅនឹងសម្តេច ហ៊ុន សែន ដោយយល់ព្រមស្បថដាក់ជីវិត តែលោកស្នើឱ្យរាប់សន្លឹកឆ្នោតនៅទូទាំងប្រទេសឡើងវិញសិន។
ការលើកឡើងខាងលើនេះ បន្ទាប់ពីសម្តេច ហ៊ុន សែន កាលពីព្រឹកមិញ បានបបួលអ្នកប្រឆាំង (សំដៅទៅលោក សម រង្ស៊ី) ដែលចោទថាមានការបំប៉ោងតួលេខអ្នកបោះឆ្នោតនោះ ឱ្យស្បថដាក់ជីវិតគ្រប់ទម្រង់។ ការហៅមកស្បថរបស់ សម្តេច ហ៊ុន សែន ធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយកីឡាករ-កីឡាការិនី ដែលត្រៀមចូលរួមប្រកួត Asian Games។
លោក សម រង្ស៊ី បានសរសេរបង្ហោះនៅលើទំព័រហ្វេសប៊ុកថា ការបោះឆ្នោតជាតិឆ្នាំ២០១៣ សម្តេច ហ៊ុន សែន ក៏ធ្លាប់បានបបួលលោក ឱ្យស្បថដាក់ជីវិតដូចគ្នាអ៊ីចឹងដែរ ព្រោះពេលនោះលោកបានលើកឡើងថា គណបក្សប្រជាជនកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានលួចបន្លំសន្លឹកឆ្នោតយ៉ាងសន្ធឹកសន្ធាប់។
លោក សម រង្ស៊ី បន្តថា ពេលនោះ លោកបានស្នើឱ្យរាប់សន្លឹកឆ្នោតឡើងវិញទូទាំងប្រទេស ហើយអនុញ្ញាតឲ្យមានអ្នកសង្កេតការណ៍ឯករាជ្យ ជាតិ និងអន្តរជាតិ ចូលរួមរាប់ទាំងអស់គ្នា។ លោកថា៖ «លោក ហ៊ុន សែន មិនបានយល់ព្រមធ្វើតាមសំណើរបស់ខ្ញុំទេ ហើយនៅតែទទូចឲ្យទៅស្បថវិញ ដែលជាវិធីមួយឃ្លាតឆ្ងាយពីវិទ្យាសាស្ត្រ និងបច្ចេកទេសជាក់ស្តែង។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំបានយល់ព្រមទៅស្បថជាមួយគាត់ តែសូមឲ្យរាប់មុន ស្បថក្រោយ»។
មេចលនាសង្គ្រោះជាតិរូបនេះ បានស្នើឱ្យមានវិទ្យាស្ថានស្ទង់មតិមួយ ដែលមានលក្ខណៈអន្តរជាតិ និងឯករាជ្យ មកស្ទង់មតិនៅកម្ពុជា ដើម្បីសួរប្រជាពលរដ្ឋផ្ទាល់ ហើយវាស់វែងអត្រាពិតប្រាកដ នូវអ្នកដែលបានចូលរួមបោះឆ្នោតកាលពីថ្ងៃទី២៩កក្កដា ២០១៨។
នាល្ងាចថ្ងៃដដែលនេះ តាមរយៈកិច្ចសម្ភាសជាមួយ Fresh News សម្តេច ហ៊ុន សែន បានឆ្លើយតបថា៖ «មិនបាច់លើកហេតុផលស្រាវជ្រាវបែបវិទ្យាសាស្ត្រអ្វីនោះទេ។ ព្រោះយើងទាំងពីរនាក់ បានធ្លាប់លេងបែបវិទ្យាសាស្រ្តនេះជាមួយគ្នាអស់ជាង២០ឆ្នាំមកហើយ។ ឥឡូវយើងងាកមកលេងបែបផ្លូវងងឹតវិញម្តង។ បើទោះបីអ្នកឯង (សម រង្ស៊ី) មិនហ៊ានស្បថ ក៏សម្បថនេះធ្លាក់ទៅលើអ្នកឯងដែរ ព្រោះខ្ញុំបានស្បថរួចហើយ ហើយសូមវត្ថុស័ក្តិសិទ្ធលើលោកជួយនាំនូវពាក្យសម្បថរបស់ខ្ញុំ ទៅកាន់អ្នកឯងផង»។
សូមបញ្ជាក់ថា យោងតាមរបាយការណ៍របស់ គ.ជ.ប បានឱ្យដឹងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ គឺមានអ្នកទៅបោះឆ្នោតជាង ៦,៩លាននាក់ ឬស្មើនឹង ៨២,៨៩%៕
Comments
Post a Comment