លោកស្រី ម៉េង សុភារី សមាជិកក្រុមមេធាវីការពារក្តី លោក កឹម សុខា នៅថ្ងៃទី៦សីហានេះ បានបង្ហាញក្តីសង្ឃឹមខ្ពស់ថា ក្នុងសវនការតុលាការកំពូល នៅថ្ងៃទី២២សីហាខាងមុខនេះ កូនក្តីខ្លួន នឹងត្រូវដោះលែងឱ្យនៅក្រៅឃុំបាន។
លោកស្រីបានអះអាងថា លោក កឹម សុខា បានបំពេញលក្ខខណ្ឌគ្រប់គ្រាន់តាមផ្លូវច្បាប់ ដើម្បីអាចនៅក្រៅឃុំបាន។ ម្យ៉ាងលោក កឹម សុខា មានជំងឺគៀបសសៃធ្វើទុក្ខដល់សុខភាព ដែលមេធាវីរូបនេះថា ត្រូវការការវះកាត់ដើម្បីព្យាបាល។
ការបើកសវនការនៅថ្ងៃទី២២សីហាខាងមុខនោះ គេនៅមិនទាន់ដឹងទេថានឹងមានវត្តមាន លោកឹម សុខា ចូលរួមឬយ៉ាងណានោះ ព្រោះការបើកសវនការនាពេលកន្លងទៅត្រូវបានធ្វើឡើងដោយគ្មានវត្តមានជនត្រូវចោទរូបនេះឡើយ។ មេធាវី បានទាមទារឲ្យមានវត្តមានលោក កឹម សុខា នៅក្នុងសវនការ ដើម្បីឱ្យលោកអាចបង្ហាញពីផលលំបាកផ្ទាល់ខ្លួនក្នុងសវនការនេះតែម្តង។
សូមរំលឹកថា យោងតាមលិខិតរបស់លោក ឈួន ចាន់ថា អគ្គព្រះរាជអាជ្ញារង នៃមហាអយ្យការអមតុលាការកំពូល ចុះថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ ឱ្យដឹងថា តុលាការកំពូល នឹងបើកសវនាការជំនុំជម្រះលើសំណុំរឿងលោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ ខាងមុខនេះ ពាក់ព័ន្ធនឹងសំណុំរឿងសន្ទិដ្ឋិភាពជាមួយបរទេស។
លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅពាក់កណ្តាលអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនលោក កឹម សុខា ទៅឃុំបណ្តោះអាសន្ន នៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧៕
Comments
Post a Comment