ប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក Nicolas Maduro បានរត់គេចរួចខ្លួនពីការប៉ុនប៉ងធ្វើឃាត ដោយដ្រូនជាច្រើនគ្រឿងដែលមានបំពាក់គ្រឿងផ្ទុះ ក្នុងអំឡុងពេលលោកថ្លែងសុន្ទរកថានៅក្នុងពិធីរំលឹកខួបកងទ័ពលើកទី៨១ នៅថ្ងៃទី៤ខែសីហា ២០១៨ (នៅកម្ពុជា ថ្ងៃទី៥សីហា)។ ការថ្លែងសុន្ទរកថានេះ ក៏មានការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ផងដែរ។
លោក Jorge Rodriguez រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង នៃប្រទេសវេណេហ្ស៊ុយអេឡា បានអះអាងក្រោយហេតុការណ៍នេះថា៖ «នេះគឺជាការវាយប្រហារប្រឆាំងនឹងប្រធានាធិបតី Nicolas Maduro»។
លោក Rodriguez បន្តថា មានដ្រូនមួយ បានបំផ្ទុះនៅកៀកនឹងឆាកវេទិការបស់ប្រធានាធិបតី ហើយក្រៅពីនេះ គឺមានការបំផ្ទុះ នៅចំណុចជាច្រើនកន្លែងតាមបណ្តោយព្យុហយាត្រាយោធា ដែលចូលរួមក្នុងកម្មវិធីនោះ នាកណ្តាលក្រុងការ៉ាកាស។
បើតាមរដ្ឋមន្រ្តីដដែលនេះ ឱ្យដឹងថា លោកប្រធានាធិបតី បានរត់ចេញទៅក្រៅឆាកវេទិកា ក្នុងពេលមានការវាយប្រហារនេះ ដោយលោកមិនទទួលរងគ្រោះអ្វីឡើយ។ ប៉ុន្តែយោធាប្រមាណ ៧នាក់ បានរងរបួស ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។
លោក Maduro បានបញ្ជាឱ្យបើកការស៊ើបអង្កេតរកអ្នកនៅពីក្រោយនៃការវាយប្រហារនេះ។ ប៉ុន្តែលោកថា សមត្ថកិច្ចបានប្រមូលភស្តុតាង និងចាប់ខ្លួនបានមនុស្សមួយចំនួនហើយ៕
Comments
Post a Comment