លោក សោម សូរីដា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងប្រាប់ [ខ្លីៗ] នៅល្ងាចថ្ងៃទី៦សីហានេះថា លោក សម រង្ស៊ី គ្មានសិទ្ធិប្តឹងទាមទារឲ្យរាប់សន្លឹកឆ្នោតឡើងវិញនោះទេ ពីព្រោះគណបក្សខ្លួន មិនបានចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ឡើយ។ ចំពោះសន្លឹកឆ្នោត គឺ គ.ជ.ប រក្សាទុក៦ឆ្នាំ បន្ទាប់ពីបោះឆ្នោត ទើបច្បាប់អនុញ្ញាតឲ្យបំផ្លាញចោល។
ការថ្លែងបញ្ជាក់នេះ គឺបន្ទាប់ពីលោក សម រង្ស៊ី អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ បានស្នើឲ្យ គ.ជ.ប កុំបំផ្លាញចោលសន្លឹកឆ្នោត ដែលប្រមូលបាននៅតាមការិយាល័យបោះឆ្នោតទូទាំងប្រទេស ដើម្បីយកមកពិនិត្យ និងរាប់ឡើងវិញទាំងអស់គ្នា ក្នុងគោលបំណងឃើញឲ្យច្បាស់ថា សន្លឹកឆ្នោតមោឃៈ ដែលប្រជាពលរដ្ឋខ្វែងចោល មានចំនួនប៉ុន្មានភាគរយ។ នេះបើយោងតាមផេកហ្វេសប៊ុកលោក សម រង្ស៊ី ដែលសរសេរបង្ហោះនៅរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨។
លោក សោម សូរីដា បានពន្យល់ថា ទាក់ទងនឹងការរាប់សន្លឹកឆ្នោតឡើងវិញ គឺមិនអាចធ្វើទៅកើតទេ ពីព្រោះនៅក្នុងមាត្រា១៣៥ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ចែងថា នៅពេលដែលបណ្តឹងទាក់ទងនឹងការបោះឆ្នោតត្រូវបានដោះស្រាយរួចរាល់ជាស្ថាពរ ហើយ គ.ជ.ប បានទទួលលទ្ធផលនៃការបោះឆ្នោតគ្រប់រាជធានី-ខេត្តនោះ គ.ជ.ប ត្រូវប្រកាសលទ្ធផលផ្លូវការ។
លោកបន្តថា ការរាប់សន្លឹកឆ្នោតឡើងវិញ អាចធ្វើឡើងតែក្នុងករណីបណ្តឹងនៃការិយាល័យបោះឆ្នោត យ៉ាងហោចណាស់ម៉ោង ១១និង៣០នាទី បន្ទាប់ពីថ្ងៃបោះឆ្នោត។ ហើយការប្តឹងអំពីភាពមិនប្រក្រតីនៅការិយាល័យបោះឆ្នោត អាចដាក់ប្តឹងទៅគណៈកម្មការឃុំ-សង្កាត់ រៀបចំការបោះឆ្នោត បានរហូតមកដល់គណៈកម្មការរាជធានី-ខេត្ត រៀបចំការបោះឆ្នោត និង គ.ជ.ប។
លោកបញ្ជាក់ថា ប្រសិនបើមានភស្តុតាងគ្រប់គ្រាន់ដែលឲ្យ គ.ជ.ប ជឿជាក់បានថា មានភាពមិនប្រក្រតីពាក់ព័ន្ធទៅនឹងការលួចបន្លំសន្លឹកឆ្នោត ឬក៏ភាពមិនប្រក្រតី ដែលធ្វើឲ្យប៉ះពាល់ដល់លទ្ធផលនៃការបោះឆ្នោត នោះ គ.ជ.ប នឹងសម្រេចអំពីការបើកកញ្ចប់សុវត្ថិភាព “ក” ដើម្បីត្រួតពិនិត្យផ្ទៀងផ្ទាត់សម្ភារឯកសារបោះឆ្នោត និងរាប់សន្លឹកឆ្នោតឡើងវិញ។
មន្រ្តីជាន់ខ្ពស់ គ.ជ.ប រូបនេះបានបន្ថែមយ៉ាងដូច្នេះថា៖ «ពិនិត្យទៅលើផ្លូវច្បាប់ ការលើកឡើងរបស់លោក សម រង្ស៊ី គឺផ្ទុយនឹងគតិច្បាប់ មិនអាចទទួលយកបានទេ។ ហើយកាន់តែខុសច្បាប់ទៅទៀត ដែលគណបក្សមួយមិនបានចូលរួមនៅក្នុងការបោះឆ្នោត កាន់តែគ្មានសិទ្ធិនៅក្នុងការប្តឹងទាមទារឲ្យរាប់សន្លឹកឆ្នោតឡើងវិញ។ នៅក្នុងច្បាប់បានចែងច្បាស់ គណបក្សនយោបាយដែលបានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត មានសិទ្ធិប្តឹង បណ្តឹងដាក់តាមយន្តការបីថ្នាក់របស់ គ.ជ.ប និងឡើងទៅក្រុមប្រឹក្សាធម្មនុញ្ញ»៕
Comments
Post a Comment