លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ (ស.ស.ជ) បានអះអាងថា ក្រោយបានចុះអង្កេតតាមបណ្ដារោងចក្រ សហគ្រាស រួមទាំងបណ្ដាញមួយចំនួនបានឃើញថា កម្មករ និយោជិក ប្រមាណជា ៩៥% បានត្រឡប់មកធ្វើការវិញដោយភ្ជាប់មកជាមួយនឹងម្រាមដៃប្រឡាក់ទឹកខ្មៅ គ្រប់ៗគ្នា ក្នុងរោងចក្រ សហគ្រាស នីមួយៗ ក្រោយសម្រាករយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ ៣០ ខែកក្កដាកន្លងទៅ។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់សម្ព័ន្ធសហជីពជាតិ ចុះថ្ងៃទី៦កក្កដា។
លោក ហ្វា សាលី បានបញ្ជាក់ថា ស្ថានភាពរវាងភាគីកម្មករ និយោជិក និងនិយោជក គឺគ្មានវិវាទណាមួយកើតឡើង ដូចជា ការជ្រៀតជ្រែក គំរាមកំហែងពិនិត្យម្រាមដៃ និងការកាត់ប្រាក់ឈ្នួល ពីសំណាក់និយោជកឡើយ បន្ទាប់ពីពួកគាត់បានចូលធ្វើការងារវិញ។
ទន្ទឹមនឹងនេះ ប្រធានសម្ព័ន្ធសហជីពជាតិ ក៏បានអំពាវនាវដល់សហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក ពិចារណាឡើងវិញ ចំពោះបញ្ហាបញ្ឈប់ការអនុគ្រោះពន្ធ និងស្នើបន្តការអនុគ្រោះដល់កម្ពុជា ដើម្បីជួយលើកកម្ពស់សេដ្ឋកិច្ចពលរដ្ឋកម្ពុជា ឲ្យមានជីវភាពប្រសើរ និងផ្ដល់ឱកាសដល់អ្នកវិនិយោគក្រៅ និងក្នុងប្រទេសកម្ពុជា ក្នុងការដឹកនាំ អភិវឌ្ឍប្រទេស៕
Comments
Post a Comment