លោក សោម សូរីដា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានថ្លែងប្រាប់ [ខ្លីៗ] នារសៀលថ្ងៃទី៥ ខែសីហានេះថា ហេតុផលដែលគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ប្រកាសមិនទទួលស្គាល់លទ្ធផលបោះឆ្នោត នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ គឺពុំមានទម្ងន់ខាងផ្លូវច្បាប់ទេ។
លោកបានថ្លែងថា នេះជាការសម្តែងមតិមួយតាមរយៈការចេញសេចក្តីថ្លែងការណ៍ បន្ទាប់ពីគណបក្សនេះចាញ់ឆ្នោត ជាទូទៅអ្នកចាញ់ឆ្នោតប្រាកដជាមិនពេញចិត្តចំពោះលទ្ធផលនៃការបោះឆ្នោតទេ។
មន្រ្តីជាន់ខ្ពស់ គ.ជ.ប រូបនេះ បានបញ្ជាក់ថា៖ «គណបក្សនេះ នៅពេលមុនការបូកសរុបលទ្ធផលនៃការបោះឆ្នោត បានមកដល់ គ.ជ.ប គាត់ពុំមានពាក្យបណ្តឹងពាក់ព័ន្ធទៅនឹងភាពមិនប្រក្រតី ដែលកើតឡើងនៅថ្ងៃបោះឆ្នោតទេ»។
សូមរំលឹកថា កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨ លោក ហួន រាជចំរើន ប្រធានគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច បានប្រកាសនៅក្នុងសន្និសីទកាសែតថា គណបក្សលោក មិនទទួលយកលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅនេះ ជាដាច់ខាត ដោយមូលហេតុ៖
១. ពលរដ្ឋដែលទៅបោះឆ្នោតមិនដូចចំនួនតាមសេចក្ដីប្រកាសរបស់ គ.ជ.ប ឡើយ ព្រោះសន្លឹកឆ្នោតតាមការិយាល័យ និងសន្លឹកឆ្នោតមិនបានប្រើការ លើសសន្លឹកឆ្នោតគណបក្សប្រជាជន។
២- ពលរដ្ឋដែលបានបោះឆ្នោត ៨២,៨៩ភាគរយ តាមសេចក្ដីប្រកាសរបស់ គ.ជ.ប នោះ ជារឿងបញ្ជាក់ថា ការបោះឆ្នោតនេះ មិនត្រឹមត្រូវ តាមភាពជាក់ស្ដែងទេ។
គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ក៏បានព្រមានធ្វើបាតុកម្មតវ៉ាមិនទទួលស្គាល់លទ្ធផល ប្រសិនបើមិនមានដំណោះស្រាយទេនោះ។
មកដល់ពេលនេះ គណបក្សដែលប្រកាសទទួលយកលទ្ធផលបឋមនៃការបោះឆ្នោតមានដូចជា គណបក្សយុវជនកម្ពុជា គណបក្សខ្មែរតែមួយ និងគណបក្សធម្មាធិបតេយ្យ។ ចំណែកគណបក្សដែលប្រកាសមិនទទួលយកលទ្ធផល គឺមានដូចជា គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច គណបក្សរស្មីខេមរា និងគណបក្សខ្មែរឈប់ក្រ៕
Comments
Post a Comment