លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Century 21 Mekong បាននិយាយថា ស្ថានភាពទីផ្សារអចលនទ្រព្យក្នុងប្រទេសកម្ពុជា នៅតែបន្តមានសកម្មភាពល្អប្រសើរ និងដំណើរការទៅមុខជាធម្មតា ដោយសារវិនិយោគិន ពុំមានការព្រួយបារម្ភពីស្ថានភាពបោះឆ្នោតនោះទេ។ នេះបើតាមការចុះផ្សាយរបស់ AKP កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ម្សិលមិញនេះ។
លោកមើលឃើញថា វិនិយោគិនបរទេស និងក្នុងស្រុក នឹងតែបន្តសំរុកទិញដី សម្រាប់ធ្វើការវិនិយោគ ហើយគម្រោងថ្មីៗជាច្រើន ក៏បាននឹងកំពុងមានវត្តមានជាបន្តបន្ទាប់ផងដែរ។
ចំណែក លោក Li Min អគ្គនាយកក្រុមហ៊ុនចិន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ក៏បានឱ្យដឹងដែរថា ក្នុងនាមជាវិនិយោគិនបរទេស លោកពុំមានការព្រួយបារម្ភពីស្ថានភាពបោះឆ្នោតនៅកម្ពុជាទេ ដោយលោកនៅតែមើលឃើញពីឱកាសវិនិយោគនៅក្នុងទីផ្សារអចលនទ្រព្យនៅកម្ពុជា ហើយក៏បានបើកគម្រោងថ្មីអគារពាណិជ្ជកម្មចំនួនពីរបន្ថែម នៅក្រុងព្រះសីហនុផងដែរ។
លោកបន្តថា គម្រោងអគារពាណិជ្ជកម្មពហុមុខងារថ្មីនៅក្រុងព្រះសីហនុនេះ នឹងអាចចូលរួមឆ្លើយតបទៅនឹងកំណើនភ្ញៀវទេសចរអន្តរជាតិ ពិសេសទេសចរចិន ដែលនឹងត្រូវកើនដល់ ២លាននាក់ក្នុងឆ្នាំ២០២០ ខាងមុខនេះ។
យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា ក្នុងឆមាសទី១ ឆ្នាំ២០១៨នេះ ក្រសួងបានអនុម័តគម្រោងសំណង់ប្រមាណ១ពាន់គម្រោង ដែលមានទឹកប្រាក់អាចកើនឡើងដល់ជាង ២ពាន់លានដុល្លារ៕
Comments
Post a Comment