អាមេរិក សន្យា​ផ្ដល់ ៣០០​លាន​ដុល្លារ​សម្រាប់​សន្តិសុខ​អាស៊ីអាគ្នេយ៍



លោក Mike Pompeo រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក នៅ​ថ្ងៃ​សៅរ៍ ទី​៤ ខែ​សីហា ឆ្នាំ​២០១៨​នេះ បាន​ប្រកាស​ពី​ការ​ផ្ដល់​ជំនួយ​ក្នុង​ទឹក​ប្រាក់ ៣០០​លាន​ដុល្លារ​អាមេរិក សម្រាប់​សន្តិសុខ​នៅ​អាស៊ីអាគ្នេយ៍​។ ការ​លើកឡើង​នេះ ត្រូវ​បាន​លោក​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​បញ្ជាក់​ក្នុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​នៃ​បណ្ដា​ប្រទេស​អាស៊ាន នៅ​ប្រទេស​សិង្ហបុរី។

លោក Pompeo បាន​បង្ហើប​ថា ជំនួយ​សន្តិសុខ​ថ្មី​នេះ​នឹង​ពង្រឹង​សន្តិសុខ​ផ្លូវទឹក អភិវឌ្ឍ​ជំនួយ​មនុស្សធម៌ រក្សា​សន្តិភាព និង​ប្រឆាំង​ការ​គំរាមកំហែង​ឆ្លង​ដែន​។
សូម​ជម្រាប​ថា នៅ​ដើម​សប្ដាហ៍​នេះ សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ពី​ការ​វិនិយោគ ១១៣​លាន​ដុល្លារ លើ​ផ្នែក​បច្ចេកវិទ្យា ថាមពល និង​ហេដ្ឋារចនាសម្ព័ន្ធ នៅ​អាស៊ី ដែល​អាមេរិក​ចាត់ទុកជា​ការ​រួមចំណែក​ដល់​សេដ្ឋកិច្ច​អាមេរិក​ក្នុង​តំបន់​នេះ​។

ជំនួយ​សន្តិសុខ​នៅ​អាស៊ី​អាគ្នេយ៍ ជា​ផ្នែក​មួយ​ក្នុង​ការ​ពង្រឹង​សន្តិសុខ​ក្នុង​តំបន់​ ឥណ្ឌូ-ប៉ាស៊ីហ្វិក របស់​អាមេរិក ស្រប​ពេល​ដែល​ប្រទេស​ចិន កំពុង​អនុវត្ត​គម្រោង​ខ្សែ​ក្រវាត់ និង​វិថី របស់​ខ្លួន​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ផង​ដែរ​៕

Comments