រោងចក្រ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​នៅ​វៀតណាម បិទ​ទ្វារ​អស់​ជាង ៨០%​ ហើយ

យ៉ាង​ហោច​ណាស់ រោងចក្រ​ចំនួន ៨០% នៃ​រោងចក្រ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​សរុប​ក្នុង​ប្រទេស​វៀតណាម បាន​បិទទ្វារ​ជា​បន្តបន្ទាប់ គិត​ចាប់​តាំង​ពី​ខែ​មិថុនា ឆ្នាំ​២០១៨​មក ដោយសារ​កង្វះ​វត្ថុ​ធាតុ​ដើម និង​ទុន។ នេះ​បើ​តាម​ការ​អះអាង​របស់​សមាគម​គ្រាប់​ស្វាយ​ចន្ទី​វៀតណាម ហៅ​កាត់ VINACAS កាលពី​ពេល​ថ្មីៗ​កន្លង​។


លោក Hue Chi Thai ទីប្រឹក្សា​នៃ​សមាគម VINACAS បាន​ឲ្យដឹង​ថា រោងចក្រ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​នៅ​វៀតណាម​ទាំងអស់ មាន​សមត្ថភាព​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ប្រមាណ​ជា ១,៦លាន​តោន​ក្នុង​១ឆ្នាំ និង​បង្កើត​ការងារ​សម្រាប់​ពលរដ្ឋ​វៀតណាម​រាប់​ពាន់​នាក់ នៅ​បណ្ដា​ខេត្ត​ភាគ​ខាងត្បូង​ប្រទេស​វៀតណាម ដូចជា ខេត្ត Binh Phuoc, Long An និង Dong Nai ជាដើម​។
លោក​បន្ត​ថា ស្ថានភាព​បច្ចុប្បន្ន បាន​ធ្វើឲ្យ​កម្មករ​រោងចក្រ​កែច្នៃ​គ្រាប់​ស្វាយចន្ទី បាត់បង់​ការងារ ឬ​ផ្លាស់ប្ដូរ​ទៅ​ធ្វើ​ការ​ងារ​ផ្សេងៗ ឬ ត្រឡប់​ទៅ​ស្រុក​កំណើត​របស់​ពួកគេ​វិញ។
ចំណែក​លោក Nguyen Duc Thanh ប្រធាន​សមាគម VINACAS បាន​ឲ្យដឹង​ថា ឧបសគ្គ​របស់​សមាគម​គឺ​ ការ​ស្វែងរក​ប្រភព​នាំចូល​គ្រាប់​ស្វាយចន្ទី​មិន​ទាន់​កែច្នៃ ៥០​ម៉ឺន​តោន សម្រាប់​ផ្គត់ផ្គង់​រោងចក្រ និង​នាំចេញ ឲ្យ​បាន​ដល់​ដំណាច់​ឆ្នាំ​២០១៨។
លោក​ក៏​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ផ្ដល់​កម្ចី​ដល់​រោងចក្រ ពី​ធនាគារ​នានា​ ក្នុង​ទឹកប្រាក់​ប្រមាណ ៨០០​លាន​ដុល្លារ តែ​មក​ទល់​ពេល​នេះ​ មិន​មាន​ធនាគារ​ណា​មួយ ផ្ដល់​កម្ចី​នោះ​ទេ​។ គ្រាប់​ស្វាយ​ចន្ទី​មិន​ទាន់​កែច្នៃ ត្រូវ​បាន​ស្តុក​ចោល​នៅ​កំពង​ផែ ឬ​ឃ្លាំង​នានា ដោយសារ​រោងចក្រ​គ្មាន​ទុន​ដើម្បី​ទិញ​​៕

Comments