ប្រធានាធិបតី​កូរ៉េ​ដក​មេបញ្ជាការ​ចារកម្ម​កងទ័ព​ម្នាក់ និង​បញ្ជា​បង្កើត​បញ្ជាការ​ថ្មី

លោក មូន ចេអ៊ីន ប្រធានាធិបតី កូរ៉េខាងត្បូង នៅ ថ្ងៃ ទី៣ ខែ សីហា ២០១៨ នេះ បាន ដក តំណែង លោក Lee Suk-koo មេបញ្ជាការ អង្គភាព ចារកម្ម កងទ័ព និង ជំនួស វិញ ដោយ លោក Nam Young-sin ដែល បច្ចុប្បន្ន ជា មេបញ្ជាការ កងទ័ព នៃ អាវុធ ពិសេស។
លោក មូន ក៏ បាន បញ្ជា ឲ្យ បង្កើត បញ្ជាការ កងទ័ព ថ្មី ដែល ខុស ពី បញ្ជាការ កងទ័ព មុន ក្រោយ មាន ការ ចោទ ប្រកាន់ ថា ពាក់ព័ន្ធ នឹង រឿង នយោបាយ។ នេះ បើ តាម សេចក្តី ប្រកាស ព័ត៌មាន របស់ លោក Yoon Young-chan អ្នកនាំពាក្យ ប្រធានាធិបតី កូរ៉េខាងត្បូង នៅ ថ្ងៃ ទី៣ ខែ សីហា ២០១៨ នេះ។

ជាមួយ​គ្នា​នេះ លោក មូន បាន​បញ្ជាឲ្យ​តែងតាំង​អ្នក​ត្រួត​ពិនិត្យ​ដែល​មិនមែន​ជា​យោធា​ម្នាក់ ដើម្បី​ធ្វើការ​ស៊ើប​អង្កេត​រាល់​បទល្មើស​ទាំង​អស់​ក្នុង​អង្គភាព និង​ចាត់​វិធានការ​បន្ទាប់ ជា​ការ​ឆ្លើយ​តប។
បទ​បញ្ជា​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង គឺ​ធ្វើ​ឡើង​មួយ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​គណៈកម្មាធិការ​កំណែ​ទម្រង់​នៃ​ក្រសួង​ការពារ​ជាតិ​បាន​លើក​ឡើង​ពី​កម្រង​ការ​ផ្លាស់ប្ដូរ​ជាច្រើន រួមទាំង​ការ​កាត់​បន្ថយ​ចំនួន​កងទ័ព​ប្រមាណ ៤២០០០​នាក់ផង​ដែរ៕

Comments