គម្រោងកម្មវិធីជំរុញកំណើនវិស័យកសិកម្មប្រកបដោយចីរភាព និងបរិយាប័ន្ន អនុវិស័យជលផល និងអនុវិស័យផលិតកម្មសត្វ បានបង្កើតការចិញ្ចឹមមាន់បង្ហាញ ចំនួន ១១១កន្លែង ដែលបានសាយភាយដល់ជាង ១៣០០គ្រួសារបន្ថែមស្មើនឹងមាន់ជាង ៥ម៉ឺនក្បាល ព្រមទាំងបង្កើតការចិញ្ចឹមជ្រូកបង្ហាញបាន ១០០កន្លែង និងបានសាយភាយដល់ជាង ៤០០គ្រួសារបន្ថែមស្មើនឹងជ្រូក ៣៦០ក្បាល។
ការឲ្យដឹងនេះ ត្រូវបានធ្វើឡើងក្នុងពិធី ប្រគល់រង្វាន់ដល់អ្នកទទួលជយលាភី ជាអ្នកចិញ្ចឹមសត្វឆ្នើម ក្រោមគម្រោងកម្មវិធីជំរុញកំណើនវិស័យកសិកម្មប្រកបដោយចីរភាព និងបរិយាប័ន្ន អនុវិស័យជលផល និងអនុវិស័យផលិតកម្មសត្វ ក្រោមអធិបតីភាព លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ចន អីដកា អគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា កាលពីថ្ងៃទី៣សីហា នៅទីស្ដីការក្រសួង។
គម្រោងដែលជាជាជំនួយហិរញ្ញប្បទានឥតសំណងរបស់សហភាពអឺរ៉ុបដែលមានទឹកប្រាក់សរុប ២៦លានអឺរ៉ូ (ប្រហែល៣០លានដុល្លារអាមេរិក) ដើម្បីអនុវត្តពីឆ្នាំ២០១៣ ដល់២០១៨នេះ ក៏បានផ្តោតលើការដាំស្មៅបង្ហាញសម្រាប់ចំណីសត្វផងដែរ ដោយបានបង្កើតបានចំនួន ២០០កន្លែងដល់ជាង ៤២០គ្រួសារស្មើនឹង ជាង ៩ពាន់ហិកតា។ ជាងនេះទៅទៀត គម្រោងដដែល ធ្វើការកែលម្អអនាម័យសត្តឃាតដ្ឋានបាន ១៥៥កន្លែង ការចាក់ថ្នាំវ៉ាក់សាំងបង្ការសត្វ ធ្វើជីវសុវត្ថិភាព ត្រួតពិនិត្យសុវត្ថិភាពសត្វ និងសាច់ ការបង្កាត់ពូជគោ និងជ្រូកសិប្បនិម្មិត។
សូមជម្រាបថា គម្រោងកម្មវិធីជំរុញកំណើនវិស័យកសិកម្មប្រកបដោយចីរភាព និងបរិយាប័ន្ន អនុវិស័យជលផល និងអនុវិស័យផលិតកម្មសត្វ ត្រូវបានបង្កើតឡើងក្នុងគោលបំណងជំរុញកំណើនសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព តាមរយៈការអភិវឌ្ឍអនុវិស័យជលផល និងអនុវិស័យផលិតកម្មសត្វ ដែលមានការគាំទ្រយ៉ាងពេញលេញពីរាជរដ្ឋាភិបាលកម្ពុជា សង្គមស៊ីវិល និងដៃគូរអភិវឌ្ឍន៍នានា ដោយឈរលើមូលដ្ឋានគោលការណ៍កម្មវិធីយុទ្ធសាស្រ្ត (Programme-Based Approach-PBA)៕
Comments
Post a Comment