ដំឡូងមី​ជិត ៤​ពាន់​ហិកតា នៅ​ស្រុក​រមាស​ហែក កំពុង​មាន​ទីផ្សារ​ល្អ

ដំឡូង​មី​របស់​ពលរដ្ឋ​ម្ចាស់​ចម្ការ នៅ​ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង កំពុង​មាន​ទីផ្សារ​ និង​តម្លៃ​​ថ្លៃ​ជាង​ឆ្នាំ​មុនៗ​។​ ដំណាំ​ដំឡូង​មី​ដែល​ពលរដ្ឋ​បាន​ដាំ​ដុះ​លើ​ផ្ទៃដី​ជិត​៤០០០​ហិកតា ​ក្នុងស្រុក​រមាសហែក ​ត្រូវ​បាន​លក់​នាំចេញ​ទៅកាន់​ទីផ្សារ ពោល​គឺ​លក់​បាន​ទាំង​សើម​។​


​លោក​ ប៉ែន​ សា​ម៉េ​ត កសិករ​ដាំ​ដំឡូង​មី​នៅ​ឃុំ​ដូង​ ស្រុក​រមាសហែក ​បាន​ឲ្យ​ដឹង​ថា​ ដំឡូង​មី​ប៉ុន្មាន​ឆ្នាំ​កន្លងទៅ​មិន​សូវ​មាន​ទីផ្សារ​នោះ​ទេ​ គឺ​ខាត​រហូត​ដោយ​មួយ​គីឡូក្រាម ​លក់​ចេញ​បានតែ​តម្លៃ​១០០​រៀល​ទៅ​១៥០​រៀល​ប៉ុណ្ណោះ ​ដែល​ធ្វើ​ឲ្យ​ពួកគាត់​គ្មាន​កម្លាំងចិត្ត​ក្នុង​ការ​បង្កបង្កើនផល​ដំណាំ​មួយ​នេះ​ទេ​។

​លោក​បន្ត​ទៀត​ថា ​រហូត​មក​បច្ចុប្បន្ន​ទីផ្សារ​ដំឡូង​មី​ បាន​ល្អ​ប្រសើរ​ ហើយ​លក់​បាន​តម្លៃ​ថ្លៃ​គួរសម ​គឺ​មួយ​គីឡូក្រាម​ ចាប់ពី ​៣៥០​រៀល​ទៅ ​៤០០​រៀល​។​ ប្រការ​នេះ​ធ្វើ​ឲ្យ​ពួកគាត់​មាន​កម្លាំង​ចិត្តនឹង​បន្ត​ការ​ដាំដុះ​លើ​ដំណាំ​ដំឡូង​មី​បន្ត​ទៀត​ ក្រៅពី​ការងារ​ធ្វើស្រែ​ចម្ការ​។​
ដោយឡែក លោក​ ចាប​ ណុល​ អភិបាលរង​ស្រុក​រមាសហែក​បាន​ឲ្យ​ដឹង​ថា​ នៅ​លើ​ផ្ទៃដី​៣៣៧៩​ហិកតា​ដែល​ប្រជាពលរដ្ឋ​បាន​ដាំ​ដុះ​ដំឡូង​មី ​បច្ចុប្បន្ន​គឺ​មាន​ទីផ្សារ​លក់​ចេញ​បាន​តម្លៃ​ថ្លៃ​គួរសម​ដែល​ប្រជាកសិករ​ទទួល យក​បាន​៕

Comments