“ស្នូរ​ជើង​អ្នក​ណា?" ដែល​ចាយ​ដើម​ទុនអស់​រាប់​ម៉ឺន​ដុល្លារ ត្រូវ​បាន​ដាក់​បញ្ចាំង​ហើយ

ផលិតកម្ម Wonder Film ​បាន​សម្ពោធ​ដាក់​បញ្ចាំង​ខ្សែ​ភាព​យន្ត​ខ្នាត​ធំ​រឿង ​"ស្នូរជើង​អ្នកណា?" ជា​ផ្លូវ​ការ​​ហើយ នៅ​ផ្សារ​ទំនើប​អ៊ី​អន​២ សែនសុខ កាលពីល្ងាច​ម្សិលមិញ​។

លោក សែម វិសាល ចាង​ហ្វាង​ផលិតកម្ម​ Wonder Film ឲ្យ​ដឹង​ថា រឿង​ "ស្នូរ​ជើង​អ្នកណា?" ជា​ស្នាដៃ​ទី៣​របស់​លោក បន្ទាប់​ពី​រឿង ​"ប្រាសាទ​កំបាំង​មុខ​" និង ​"ផ្ទះ​ចិញ្ចឹម​ខ្មោច"។ "ចំពោះ​​រឿង​មួយ​នេះ​ យើង​ចំណាយ​ដើម​ទុន​ក្នុង​ការ​ផលិត​អស់​ច្រើន​ជាង​រឿង​មុន​ៗ ព្រោះ​យើង​ប្រើ​ពេល​វេលា​ថត​យូរ។ ពិសេស​ទៅ​លើ​បច្ចេកទេស​ប្លង់​ថត​តែ​ម្ដង គឺ​យើង​ធ្វើ​ទៅ​តាម​ស្តង់​ដារ​អន្តរជាតិ​ បាន​ជា​ចាយ​ដើម​ទុន​ ៧ទៅ ៨ម៉ឺន​ដុល្លារ​ដូច្នេះ"​ ។ លោក សែម វិសាល ថ្លែង​បញ្ជាក់។

"ស្នូរ​ជើង​អ្នកណា?" ជា​ប្រភេទ​ខ្សែ​ភាព​យន្ត​ភ័យ​រន្ធត់​ លាយឡំ​ជាមួយ​ឈុត​​ឆាក​កំប្លែង​ និង​មាន​ចំណុច​លើកទឹកចិត្តស្ត្រី​ឲ្យ​ក្លាហាន​ ហ៊ានក្រោកឈរឡើង​ដើម្បី​តទល់​នឹងការ​ពិត។ រឿងនេះ ចូល​រួម​សម្ដែង​ដោយ​លោក សេម អ្នកនាង លីញលីញ យូអ៊ីន នីតា ណារ៉ា ព្រម​ទាំង​តារា​សម្ដែង​ប្រុស​ស្រី​ជា​ច្រើន​រូប​ទៀត។
ខ្សែ​ភាពយន្ត​នេះ ត្រូវ​ដាក់​បញ្ចាំង​គ្រប់​រោង​ភាពយន្ត​ទំនើប​ៗ​ នៅ​រាជធានី​ភ្នំពេញ​ និង​ខេត្ត​ចាប់​ពី​ថ្ងៃ​ទី ១៩ ខែ កក្កដា ឆ្នាំ ២០១៨នេះ​ហើយ៕​​​

Comments