គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក) បានធ្វើសន្និសីទកាសែតស្តីពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសចំនួន ០៤ករណី ដោយបានរឹបអូសជាវត្ថុតាងចំនួន ៨៨តោន។ សន្និសីទនេះ ធ្វើឡើងនារសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងមហាផ្ទៃ។
លោកនាយឧត្តមសេនីយ៍ មៀច សុផាន់ណា ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានថ្លែងថា បទល្មើសដែលបង្ក្រាបបានរួមមាន៖
១-ករណីបើកសិប្បកម្មផលិតកាហ្វេក្លែងក្លាយ និងខុសច្បាប់៖ ត្រូវបានចុះបង្ក្រាបកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ នៅភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ដកហូតវត្ថុតាង១០មុខ ស្មើនឹង ៧តោន ឃាត់ខ្លួនជនសង្ស័យម្នាក់។
២-ករណីបើកទីតាំងផលិតសាច់ប៉ាតេ មិនអនុលោមតាមច្បាប់៖ ត្រូវបានបង្ក្រាប កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ នៅផ្លូវលំ(២០០៤) សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដកហូតវត្ថុតាង១៤មុខ ស្មើនឹង៥តោន។
៣-ករណីបើកសិប្បកម្មផលិតម្រេច និងកាហ្វេ មិនអនុលោមតាមច្បាប់៖ ត្រូវបានបង្ក្រាបកាលពីថ្ងៃទី៦ ខែកក្កដា នៅសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ដកហូតវត្ថុតាង១៣មុខ ស្មើនឹង១៨តោន។
និងទី៤-ករណីនាំចូល ផលិត វេចខ្ចប់ខុសច្បាប់ លើផលិតផលម៉ាក Saint Amand ទឹកសុទ្ធម៉ាក Evian ស្រាបៀរម៉ាក Corona និងផលិតផលមួយចំនួនទៀត៖ ត្រូវបានបង្ក្រាបកាលពីថ្ងៃទី២០-២១ ខែកក្កដា នៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ដកហូតវត្ថុតាង ១៣មុខ ស្មើនឹង៥៨តោន។
គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នឹងជូនដំណឹងអំពីការបំផ្លាញផលិតផលទាំងនេះ នៅពេលក្រោយ។
លោកនាយឧត្តមសេនីយ៍ មៀច សុផាន់ណា បានបញ្ជាក់ថា ការបង្ក្រាបពីដើមឆ្នាំរហូតមកដល់ពេលនេះ គឺចន្លោះពី ៣០ទៅ ៤០ករណី ដកហូតវត្ថុតាងរាប់រយតោន និងឃាត់មនុស្សលើសពី ១០នាក់។ ក្នុងនោះ តុលាការបានដាក់ទោសបញ្ជូនទៅពន្ធនាគារពី ៨ទៅ៩នាក់៕
Comments
Post a Comment