តើ​ប្រមុខ​ការទូត​កម្ពុជា និយាយ​អ្វី​ខ្លះ​ជាមួយ​ប្រមុខ​ការទូត​នានា អំឡុង​កិច្ច​ប្រជុំ​អាស៊ាន?

លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ថ្លែង​ថា នៅ​ក្នុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អូស្ត្រាលី ជប៉ុន កូរ៉េខាងជើង កូរ៉េខាងត្បូង រុស្ស៊ី ឥណ្ឌូនេស៊ី អំពី​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី២៩ ខែ​កក្កដា ឆ្នាំ២០១៨។ លោក​ថា ការ​បោះឆ្នោត​គឺ​មាន​របៀបរៀបរយ មាន​តម្លាភាព សេរី យុត្តិធម៌ ត្រឹមត្រូវ គ្មាន​អំពើ​ហិង្សា គ្មាន​ការ​គំរាម​កំហែង។ បើ​ឆ្លុះ​បញ្ចាំង​ទៅ​នឹង​ការ​បោះឆ្នោត​នៅ​ប្រទេស​ផ្សេង គឺ​មាន​អំពើ​ហិង្សា និង​មាន​មនុស្ស​ស្លាប់។

លោក​បញ្ជាក់​ថា អត្រា​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​មាន​ជាង ៨២% ខណៈ​មាន​ការ​ធ្វើ​យុទ្ធនាការ​ម្រាម​ដៃ​ស្អាត ដេក​ផ្ទះ​ឈ្នះ​ឯង មិន​ទៅ​បោះឆ្នោត គឺ​ប្រជាពលរដ្ឋ​មិន​ស្តាប់​តាម​ការ​អំពាវនាវ​នេះ។
លោក​ទេសរដ្ឋមន្ត្រី​បាន​ប្រាប់​ទៅ​បណ្តា​រដ្ឋមន្ត្រី​ក្រសួង​ការទេស​ទាំង​នោះ​ថា ប្រជាពលរដ្ឋ​ជាង ៨២% ពេញ​ចិត្ត​នូវ​ការ​ប្រើ​សិទ្ធិ​របស់​គេ ដោយ​គ្មាន​ការ​គំរាមកំហែង។ ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត ដើម្បី​ស្ថេរភាព និង​សន្តិភាព។
ការ​ថ្លែង​របស់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា បាន​ធ្វើឡើង​ក្នុង​ពិធី​ប្រគល់​រង្វាន់​ដល់​និស្សិត​ជ័យលាភី​ថ្នាក់​ជាតិ​នៃ​ការ​ប្រគួតប្រជែង​ការ​យល់ដឹង​អំពី​អាស៊ាន​ឆ្នាំ២០១៨ នៅ​ទីស្តីការ​ក្រសួង នៅ​ព្រឹក​ថ្ងៃ​ទី៧ ខែ​សីហា ២០១៨​នេះ៕

Comments