រដ្ឋាភិបាលវៀតណាម បានបដិសេធរឿងដែលថាខ្លួនអនុញ្ញាតឲ្យក្រុមហ៊ុនបរទេសដំឡើងទង់ជាតិតៃវ៉ាន់ នៅអំឡុងពេលបាតុកម្មប្រឆាំងនឹងចិនក្នុងប្រទេសវៀតណាម។
ចិនបានដាក់ពាក្យបណ្ដឹងទៅកាន់រដ្ឋាភិបាលវៀតណាម ក្រោយមានក្រុមហ៊ុនតៃវ៉ាន់មួយចំនួន បានដំឡើងទង់ជាតិកោះរបស់ខ្លួន ក្នុងគោលបំណងការពារទីតាំង និងបុគ្គលិក នៅពេលប្រជាពលរដ្ឋវៀតណាមកំពុងធ្វើបាតុកម្មប្រឆាំងនឹងចិន។
លោកស្រី Le Thi Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម បាននិយាយកាលពីថ្ងៃទី២សីហាថា វៀតណាមបានគោរពទៅតាមគោលនយោបាយចិនតែ១ ហើយការដំឡើងទង់តៃវ៉ាន់ គឺជាការសម្រេចរបស់ក្រុមហ៊ុនតៃវ៉ាន់នីមួយៗនោះទេ ពោលគឺមិនមែនជាការអនុញ្ញាតរបស់រដ្ឋាភិបាលឡើយ។
គួរបញ្ជាក់ថា ការបកស្រាយរបស់វៀតណាម ធ្វើឡើងក្រោយពីសារព័ត៌មានតៃប៉ិមួយ បានស្រង់សម្ដីពីក្រុមហ៊ុនតៃវ៉ាន់នៅវៀតណាមឈ្មោះ Kaiser 1 Furniture ថា រដ្ឋាភិបាលក្រុងហាណូយ បានផ្ដល់សិទ្ធិដល់ពួកគេក្នុងការដំឡើងទង់ជាតិ ដើម្បីបញ្ចៀសពីភាពជាមុខសញ្ញានៃក្រុមបាតុករវៀតណាម កាលពីខែមិថុនាកន្លងទៅ៕
Comments
Post a Comment