លោក ផៃ ស៊ីផាន៖ ជប៉ុន ថា​ខកចិត្ត​រឿង​បោះឆ្នោត គ្រាន់តែ​ដើម្បី​ភូមិសាស្រ្ត​នយោបាយ​ប៉ុណ្ណោះ

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី បាន​ហៅ​ការ​លើកឡើង​របស់​ជប៉ុន ដែល​ថា ការ​បោះឆ្នោត​នៅ​កម្ពុជា ថា​ជា "ការ​ខកចិត្ត" នោះ គឺ​ដើម្បី​ប្រយោជន៍​សម្រាប់​យុទ្ធសាស្រ្ត​ភូមិសាស្រ្ត​នយោបាយ​របស់​ជប៉ុន​តែ​ប៉ុណ្ណោះ។
លោក​មាន​ប្រសាសន៍​កាលពី​ថ្ងៃទី​៥សីហា​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​ចង់​និយាយ​រឿង​នយោបាយ ដែល​នយោបាយ​កំពុង​តែ​កៀងគរ​ឲ្យ​មាន​ប៉ូល​ដែល​ហៅ​ថា "Geopolitics" យុទ្ធសាស្ត្រ​ភូមិសាស្ត្រ​នយោបាយ ដែល​កំពុង​តែ​អូសទាញ​បង្កើត​ឲ្យ​មាន​ភូមិសាស្ត្រ​នយោបាយ ដែល​គេ​ចង់​យក​កម្ពុជា​ជា​អាយ៉ង​របស់​ប្រទេស​នោះ​ឯង»។
លោក ផៃ ស៊ីផាន បាន​អះអាង​ថា ​ជប៉ុន​នៅ​តែ​ជា​ភាគី​ដៃគូ​អភិវឌ្ឍន៍ ​ដៃគូ​កិច្ច​សន្ទនា​ និង​កិច្ចសហ​ប្រតិបត្តិការ​ល្អ​​ជាមួយ​កម្ពុជា។

សូម​រំលឹក​ថា ទូរទស្សន៍​ជប៉ុន NHK បាន​ដកស្រង់​សម្តី​លោក Taro Kono រដ្ឋមន្រ្តី​ការបរទេស​ជប៉ុន ដែល​សម្តែង​នូវការ​ព្រួយបារម្ភ​អំពី​ការ​បោះឆ្នោត​នៅ​កម្ពុជា នៅ​ចំពោះ​មុខ​លោក ប្រាក់​ សុខុន រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កម្ពុជា ក្នុងកិច្ច​ប្រជុំ​មួយ​នៅ​ប្រទេសសិង្ហបុរី កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ​២០១៨។
ក្នុង​ជំនួបនោះ លោក Taro Kono បាន​ប្រាប់​លោក ប្រាក់​ សុខុន ថា លទ្ធផល​បោះឆ្នោត​នៅកម្ពុជា គឺជាការខកចិត្ត ខណៈដែល​សន្លឹកឆ្នោត​ជាច្រើន​ត្រូវបាន​ចាត់​ទុកថា មិនបានការ បើទោះបីជា​ជប៉ុន បាន​ផ្តល់​ការ​គាំទ្រ​របស់ខ្លួន ដើម្បី​ធានា​ថា ការបោះឆ្នោត​នេះ គឺ​បង្ហាញ​ពីឆន្ទៈ​របស់​អ្នក​បោះឆ្នោត​ក៏ដោយ។
លោក​ក៏​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បន្ត​នូវ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​ ដោយ​បង្កើត​នូវ​បរិយាកាស​សម្រាប់​ការ​ពិភាក្សា​ជាមួយ​គណបក្ស​ប្រឆាំង។

បើ​យោង​តាម​ទូរទស្សន៍ NHK លោក ប្រាក់ សុខុន បាន​ឆ្លើយ​តប​វិញ​ថា ប្រទេស​កម្ពុជា​ បាន​ដំណើរ​ការ​ការ​បោះ​ឆ្នោត​ដោយ​ប្រជាធិបតេយ្យ។

គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត បាន​ប្រកាស​ថា ចំនួន​ប្រជាពលរដ្ឋ​ដែល​ទៅ​បោះ​ឆ្នោត​មាន​ដល់​ទៅ​ជិត​៨៣​ភាគរយ ខណៈ​សន្លឹក​ឆ្នោត​មិន​បាន​ការ​មានដល់​ទៅ​ជិត​៦០​ម៉ឺន​សន្លឹក។
កាលពី​សប្តាហ៍​មុន ក្រសួង​ការ​បរទេស​កម្ពុជា ក៏បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ផងដែរ ​បង្ហាញ​ពី​ភាព​សោកស្តាយ​ចំពោះ​ប្រទេស​មួយ​ចំនួន ដែល​បាន​វាយ​តម្លៃ​ថា ការ​បោះឆ្នោត​នៅកម្ពុជា គ្មាន​ភាព​សេរី ត្រឹមត្រូវ យុត្តិធម៌ មិន​តំណាងឱ្យ​ឆន្ទៈ​ប្រជាជន​ខ្មែរ និង​មិន​អាច​ទទួលយកបាន​ឡើយ៕

Comments