ភាពយន្តខ្មែរ «Graves Without a Name» ដែលជាស្នាដៃផលិតដោយផលិតករភាពយន្តជើងចាស់ លោក ប៉ាន់ រិទ្ធី នឹងត្រូវចាក់បញ្ចាំងបើកឆាកនៅមហោស្រពភាពយន្តVenice Film Festival លើកទី៧៥។ មហោស្រពនេះ នឹងធ្វើឡើងពីថ្ងៃទី២៩ ខែសីហា ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨ ដោយមានការចាក់បញ្ចាំងជាមួយខ្សែភាពយន្តល្បីៗ មកពីបណ្ដាប្រទេសអភិវឌ្ឍន៍ ពិសេសប៉ែកអឺរ៉ុបផងដែរ។
«Graves Without a Name» ជាខ្សែភាពយន្តឯកសារ បង្ហាញវត្តមានអ្នកនៅរស់រានមានជីវិត ដែលបានឆ្លងកាត់អតីតកាល ទារុណកម្ម ការធ្វើទុក្ខបង្អត់អាហារ ធ្វើការលើសកម្លាំង និងរូបភាពចងចាំនូវអំពើព្រៃផ្សៃជាច្រើនទៀតក្នុងរបបខ្មែរក្រហម។
តាមរយៈមហោស្រពភាពយន្ត Venice Film Festival ខ្សែភាពយន្តដែលបានជាប់ឈ្មោះសម្រាប់ប្រកួតប្រជែងទាំង ១១រឿង ក្នុងកម្មវិធីនេះ សុទ្ធតែនឹងត្រូវចាក់បញ្ចាំងជាលើកដំបូងបង្អស់។ ក្នុងនោះ ក៏មានខ្សែភាពយន្តចំនួន ៦ទៀតផងដែរ ដែលស្រ្តីជាអ្នកដឹកនាំផលិត ស្របពេលដែលភាពយន្តផ្សេងទៀត សុទ្ធតែមានតួអង្គសំខាន់ជាមនុស្សស្រី។
លោក ប៉ាន់ រិទ្ធី ជាផលិតករជើងចាស់ម្នាក់ ដែលស្នាដៃរបស់លោករៀបរាប់ពីកម្ពុជានីមួយៗតែងតែមានឱកាសបង្ហាញវត្តមានតាមបណ្ដាមហោស្រពភាពយន្តអន្តរជាតិ។ ភាពយន្តទាំងអស់នោះមានដូចជារឿង Rice People ឆ្នាំ ១៩៩៤, រឿង «S-21: The Khmer Rouge Killing Machine » ឆ្នាំ ២០០៣ រឿង «The Missing Picture» ឆ្នាំ ២០១៣ ដែលជាប់ការជ្រើសរើសប្រកួតក្នុងកម្មវិធីមហោស្រពភាពយន្ត និងពានរង្វាន់ Oscar កាលពីឆ្នាំ ២០១៣។
លោក ប៉ាន់ រិទ្ធី ក៏ជាផលិតកររឿងខ្នាតធំរបស់ហូលីវូដ រឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ជាមួយអ្នកស្រី Angelina Julie និងមានខ្សែភាពយន្តបរទេសមួយចំនួនទៀតដែលជាស្នាដៃរួមផលិត ឬផ្តល់ប្រឹក្សាពេលថតនៅប្រទេសកម្ពុជាដោយ ប៉ាន់ រិទ្ធី៕
Comments
Post a Comment